(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាង លោកអ៊ុន ចាន់ដា អភិបាលខេត្ត
និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងទិសដៅរួមគ្នាគោរពច្បាប់ចរាចរណ៍ជាភារិច្ចរបស់យើងទាំងអស់គ្នា។
លោក គោស៊ុ ប៊ុនសឿត បានថ្លែងថា ក្នុងយុទ្ធនាការលើកនេះ ខាងមន្ត្រីពាក់ព័ន្ធបានចែកជូននូវឯកសារចាំបាច់មួយចំនួនរួមមាន៖
ទី១៖ ស្ទីកឃ័រចំណាំងផ្លាតស្ដីពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព (ឡាន) ចំនួន១៦២សន្លឹក, ទី២៖ ស្ទីកឃ័រចំណាំងផ្លាតស្ដីពីការពាក់មួកសុវត្ថិភាព (ម៉ូតូ) ចំនួន១៦២សន្លឹក, ទី៣៖ ស្ទីកឃ័រសីលធម៌១០ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ចំនួន១៦២សន្លឹក, ទី៤៖ កាតសុវត្ថិភាព(សំរាប់អ្នកបើកបរ) ចំនួន១៦២សន្លឹក, ទី៥៖ ផ្ទាំងរូបភាពសញ្ញាចរាចរណ៍សំខាន់ៗ ចំនួន៣០ផ្ទាំង, ទី៦៖ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន១៦២ក្បាល ទី៧៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងចំនួន១៦២ក្បាល, និងទី៨៖ មួកសុវត្ថិភាពចំនួន១៥០មួក។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ថ្វីត្បិតតែខេត្តព្រះវិហារ ជាខេត្តមួយនៅចុងកាតមាត់ញក នៅជាប់ព្រំដែនក៏ថ្នាក់ដឹកនាំខេត្តក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធតែងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពចរាចរណ៍ដោយក្នុងនោះក្រៅពីសមត្ថកិច្ចចុះអនុវត្តន៍ ច្បាប់ចរាចរណ៍នៅតាមដងផ្លូវ មន្ទីររបស់លោកបានយកចិត្តទុកដាក់ពីបញ្ហាស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវនានាដើម្បីឲ្យអ្នកបើកបរបានដឹង និងមានការប្រុងប្រយ័ត្ន។
លោក សំលាងទ្រី ក៏បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាការសុវត្ថិភាពចរាចរណ៍, លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលបានឧបត្ថម្ភមួកសុវត្ថិភាព និងតែងតែយកចិត្តទុកដាក់ដល់សមត្ថកិច្ចអនុវត្តច្បាប់ក៏ដូចជាមន្ត្រីជំនាញដែលខិតខំប្រឹងប្រែងក្នុងកិច្ចការនេះក្នុងន័យបញ្ជៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរយើង។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ការពារគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋដោយក្នុងនោះ បានចែកមួកសុវត្ថិភាពជូន រួមជាមួយឯកសារពាក់ព័ន្ធ និងច្បាប់ចរាចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបហើយពួកគាត់ប្តេជ្ញាចូលរួម គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។