(ភ្នំពេញ)៖ ខ្សែភាពយន្តល្បីៗរបស់ជប៉ុនចំនួន១២រឿង នឹងចាប់ផ្តើមចាក់បញ្ចាំងរាមរោងភាពយន្តនៅកម្ពុជានាសប្តាហ៍ក្រោយនេះហើយ ហើយបើកឲ្យចូលទស្សនាដោយសេរីមិនមានលក់សំបុត្រនោះឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានឲ្យដឹងថា ការចាក់បញ្ចាំងខ្សែភាពយន្តនេះ រៀបចំឡើងដោយមូលនិធិជប៉ុន និងស្ថានទូតជប៉ុន រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ខ្សែភាពយន្តនេះ ចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរោងភាពយន្ត Major Cineplex (AEON Mall) និងរោងភាពយន្ត Legendទួកគោក នៅរាជធានីភ្នំពេញ។
ភាពយន្តដែលយកមកចាក់បញ្ចាំងនេះ រួមមាន៖ ភាពយន្តគំនូរជីវចល ភាពយន្តបែបមនោសញ្ចេតនា ភាពយន្តឯកសារ ហើយក្នុងនោះមានខ្សែ ភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងនេះ ឆ្លុះបញ្ចាំង អំពីជីវភាពរស់នៅរបស់ប្រជាជនជប៉ុន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនា ដើម្បីអាចស្គាល់អំពីប្រទេស និងប្រជាជនជប៉ុន។
សម្រាប់ឆ្នាំនេះភាពយន្តជប៉ុនចំនួន១២រឿងនឹងត្រូវបានចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ក្នុងគោលបំណងជំរុញការយល់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាជន និងវប្បធម៌ជប៉ុនដល់ប្រជាជនកម្ពុជា តាមរយៈការចាក់បញ្ចាំងភាពយន្ត៕