(កំពង់ចាម)៖ សម្រាប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ មានសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិម្នាក់ទៀតហើយ បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ដោយសុំមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ហេតុផលយ៉ាងច្បាស់ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារតែពួកគេបានឃើញតាមវិដេអូ ឃ្លីប របស់លោក កឹម សុខា នូវទង្វើក្បត់ជាតិ បម្រើបរទេស ហើយចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ ពួកគេក៏បានបញ្ជាក់ផងដែរ ការសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺមិនមានការបង្ខិតបង្ខំ និងអូសទាញនោះឡើយ ដោយពួកគេសុំចូលរួម ដោយស្ម័គ្រចិត្តយ៉ាងពិតប្រាកដ។
សមាជិកគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺលោក អ៊ុ ឈឿន អាយុ៦៦ឆ្នាំ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម រស់នៅភូមិម្រេញ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាដំណែងរបស់ពួកគេឲ្យនៅដដែល។
សូមទស្សនាវីដេអូ របស់សមាជិកគណបក្សសង្គ្រោះជាតិ គឺលោក អ៊ុ ឈឿន ដែលបញ្ជាក់ពីហេតុផល នៃការដើរចេញពីបក្សរបស់ខ្លួន៖