(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលរងខេត្ត ដាស់តឿនដល់សិស្សានុសិស្សទូទាំងខេត្តប៉ៃលិន ឲ្យខិតខំសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ចេះស្រឡាញ់ខ្លួនឯង ស្រឡាញ់ឪពុកម្តាយ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់រដ្ឋ និងចៀសឲ្យឆ្ងាយរឿងអបាយមុខទាំងឡាយដែល សង្គមស្អប់ខ្ពើម។
លោក ផាន់ ចាន់ធុល ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពីបើកបវេសនកាល ឆ្នាំសិក្សាឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីសំណាក់លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចួលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជំវិញខេត្ត លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សសរុបចំនួន១៨០០នាក់ផងដែរ។
លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ការប្រារព្ធបើកបវេសនកាលជារៀងរាល់ឆ្នាំនេះក្នុងបុព្វហេតុលើកតម្កើងវប្បធម៌ស្រសាញ់ការសិក្សារៀនសូត្រ រំលឹកដល់ក្មួយៗ សិស្សានុសិស្សឲ្យបានយល់ថាចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយលើកតម្កើងកិត្យានុភាព ភាពថ្លៃថ្នូររបស់មនុស្ស និងការរស់នៅប្រកបដោយសុខដុមរមនា ហើយកន្លងមកថ្មីៗ នេះនៅខេត្តប៉ៃលិនក្មួយសិស្សានុសិស្សបានប្រឡងមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A ចំនួនបីឆ្នាំជាប់គ្នាទាំងនេះ ហើយបញ្ជាក់ឲ្យឃើញថា ការខិតខំរៀនសូត្រជាផ្លូវមួយ សម្រាប់បង្ហាញ នៃការទទួលលទ្ធផលល្អ និងរួមចំណែកគាំទ្រកែទម្រង់ លើកកម្ពស់វិស័យអប់រំ ឲ្យបានកាន់តែល្អថែមទៀត។
ទន្ទឹមនឹងនេះលោកក៏បាន រំលឹកដាស់តឿនដល់សិស្សានុសិស្សទាំងអស់ថា បើយើងស្រលាញ់ខ្លួន ស្រលាញ់ឪពុកម្តាយ និងស្រឡាញ់អនាគតដ៏រុងរឿង គឺនៅឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុវត្តិភាព រក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលហើយមាតា បិតា សហគមន៍ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមអោយសកម្ម ក្នុងការជួយអប់រំកូនចៅឲ្យបានល្អទាំង ផ្នែកអនាម័យសុខភាព ចំណេះដឹង និងសីលធម៌ពិសេសលើកទឹកចិត្តកូនចៅឲ្យមកសាលារៀន និងប្រឹងរៀនសូត្រគោរពវិន័យ ស្តាប់លោកគ្រូ អ្នកគ្រូ និងតាមដានការសិក្សាជាប្រចាំដោយសហការជាមួយសាលារៀន។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ ស្របពេលដែលពេលវិស័យអប់រំ កំពុងធ្វើកំណែទម្រង់ស៊ីជំរៅក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំជាវិស័យអទិភាព ដោយបានកសាងសាលារៀន នៅគ្រប់កម្រិត ចាប់តាំពីទីប្រជុំជនរហូតដល់មូលដ្ឋានជនបទក្នុងការរួមចំណែក បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ សំរាប់បន្តវេនក្នុងការកសាងអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចំរើនឡើងជាលំដាប់។
ក្នុងឱកាសនោះលោកអភិបាលរងខេត្តក៏បានឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន១១៤នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ចំណែកសិស្សានុសិស្សចំនួន១៨០០នាក់ម្នាក់ៗ សៀវភៅ១ក្បាល ប៊ិច១ដើមផងដែរ៕