(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បន្ដបញ្ជាកម្លាំងនគរបាលរបស់លោកឲ្យបើកប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកសាលាតាពុំ ក្នុងភូមិសាស្ដ្រឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ដោយលោកបានបញ្ជាអធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយសមត្ថកិច្ចជលផលខេត្ត។
លោកឧត្តមសេនីយ៍ត្រី ឯម កុសល បន្ថែមថាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន ឧបករណ៍រ៉ាវ និងលូស្បៃមុង សរុបចំនួន២៥មាត់, ស្បៃព្រួល ប្រវែង៥៨០ម៉ែត្រ, បង្គោលឬស្សី ចំនួន៣១០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន៣៥គីឡូក្រាម។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើ បានដុតបំផ្លាញចោល នៅនឹងកន្លែងតែម្ដង។
សូមជម្រាបថា ពាក់ព័ន្ធជាមួយប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ ត្រូវបានលោកស្នងការ បញ្ជាឲ្យកម្លាំងនគរបាលរបស់លោកបង្ក្រាបបានជាបន្ដបន្ទាប់ ដោយដកហូតវត្ថុតាងបានយ៉ាងច្រើន និងបានប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕