(កំពត)៖ ស្ត្រីមេម៉ាយក្រីក្រម្នាក់ សូមអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកអភិបាលខេត្ត និងស្ថានប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍កណីលោក គង់ សំណាង អតីតប្រធានរតនាគារខេត្តកំពត ដែលចូលនិវត្តន៍បានយកដុំថ្ម ទៅរៀបបង្គោលឃាំងផ្លូវ និងបោះដែកគ្រឿង រថយន្តជាគំនរនៅមាត់ផ្លូវរំលោភបិទ ផ្លូវជិតដោយមិនឲ្យមួយក្រុមគ្រួសារ ស្ត្រីក្រីក្រចេញចូលផ្ទះ របស់ខ្លួនបានឡើយ។
តាមសម្តីអ្នកស្រី នូ សុវណ្ណនី បច្ចុប្បន្នរស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះថា រូបគាត់ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក៤នាក់ និងចៅ៣នាក់ រូបគាត់រស់នៅពឹងផ្អែកលើកូនៗ រកស៊ីចិញ្ចឹមរកព្រឹកខ្វះល្ងាច។
អ្នកស្រី នូ សុវណ្ណនី បានថ្លែងថា ផ្ទះរបស់គាត់ដែលមានផ្លូវ ចេញចូលតាំងពីមុនឆ្នាំ១៩៧៩មកម្ល៉េះ មានទទឹងជាង២ម៉ែត្រ គុណ១០ម៉ែត្រ គឺផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅខាងក្រោយៗ ពីសម័យមុនចេញចូល។ ផ្លូវនេះបច្ចុប្បន្នក្នុងរយៈពេល៥ ទៅ៦ថ្ងៃ ត្រូវបានលោក គង់ សំណាង ឲ្យគេយកដុំថ្ម ទៅរៀបជាបង្គោលសាងសង់បិទផ្លូវ និងថែមទាំងយកគ្រឿងដែករថយន្ត ទៅចាក់គរនៅមាត់ផ្លូវចេញ ចូលផ្ទះគាត់ ដោយមិនឲ្យក្រុមគ្រួសារ របស់ពួកគាត់ចេញចូលផ្ទះបានឡើយ។
អ្នកស្រី នូ សុវណ្ណនី បានបន្តថា កាលពី៦ថ្ងៃមុន លោក គង់ សំណាង បានមកផ្ទះគាត់សុំចចារទិញ ដោយឲ្យតម្លៃ៤ពាន់ដុល្លារ ក្នុងផ្ទះមានទំហំ៤.៨ម៉ែត្រ គុណ១៣ម៉ែត្រ នៅចំណុចជាប់ខាងក្រោយផ្លូវទំនាស់គ្នា ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង និងខេត្តកំពត។ តែដោយសារតម្លៃ៤ពាន់ដុល្លារ វាថោកពេកគាត់ទាមទារជួយឲ្យ តម្លៃសមរម្យដូច្នេះ លោក គង់ សំណាង មិនព្រមក៏រៀបចំផែនការបិទផ្លូវសាធារណៈ ដែលជាផ្លូវចេញចូលផ្ទះគាត់តែម្តងទៅ។
លោកស្រី នូ សុវណ្ណនី បានបញ្ជាក់ថា ផ្ទះនិងដីគាត់មានប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លីលេខ A1.0653 ចុះថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩២ រូបគាត់ទិញ ក្នុងឆ្នាំ១៩៨៩ ពីម្ចាស់ដើមឈ្មោះ រ័ត្ន ជាមន្ត្រីនគរបាល បានស្លាប់ហើយ។ រីឯដីផ្ទះដែលនៅជាប់ព្រំគ្នាពីខាងកើត និងឈៀងពីខាងមុខ ផ្ទះលោក គង់ សំណាង វិញគាត់បានទិញក្នុងឆ្នាំ២០០០ ពីម្ចាស់ដើម ឈ្មោះ ទេព រ៉ាវី បានស្លាប់ហើយ ដែលម្ចាស់ដើមមិនបានលក់ទាំងផ្លូវ សាធារណៈខាងលើនោះទេ។
តែទោះជាយ៉ាងណាស្រ្តីរងគ្រោះ ឈ្មោះ នូ សុវណ្ណនី គាត់ក៏បានសំនូមពរ និងសុំអង្វរ ដល់លោក គង់ សំណាង ជាចុងក្រោយថា សូមឲ្យលោកទុក ផ្លូវសម្រាប់ចេញចូលចំនួន១ម៉ែត្រ សម្រាប់ឲ្យពួកគាត់ដើរចេញចូលផ្ទះផង បើមិនដូច្នេះទេ ពួកគាត់អត់មានផ្លូវចេញចូលផ្ទះផងទេ។ តាមប្រជាពលរដ្ឋ រស់នៅជុំវិញកន្លែងទំនាស់ខាងលើ បានឲ្យដឹងថា ដីដែលលោក គង់ សំណាង កំពុងសាងសង់បិទនោះ ជាផ្លូវសាធារណៈតាំងពីសង្គមមុនៗម្ល៉េះ ហើយផ្លូវនេះ មានទំហំជាង៤ម៉ែត្រឯណោះ កាលពីជំនាន់មុន។
ពាក់ព័ន្ធករណីខាងលើ លោកមេភូមិ១ឧសភា មិនអាចទំនាក់ទំនងបានទេ នៅរសៀលថ្ងៃត្រង់ទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ដោយទូរស័ព្ទរបស់លោកមេភូមិនេះ តេចូលហើយអត់លើក។
លោក ទី វុទ្ធី ចៅសង្កាត់កំពង់កណ្តាល បានឲ្យដឹងថា ចំពោះផ្លូវទំនាស់ខាងលើលោកមិនទាន់ច្បាស់ថា ជាផ្លូវពីដើម ឬក៏អត់នោះទេ ព្រោះមិនទាន់ឃើញឯកសារបញ្ជាក់ណាមួយឡើយ ហើយការសាងសងលើផ្លូវនោះ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ មិនទាន់មានច្បាប់ទន្លាប់ទៀត ព្រោះប្រជាពលរដ្ឋនៅជាប់ផ្លូវទំនាស់ខាងលើ មិនទាន់បានផ្តិតមេដៃឯកភាពនោះទេ។
លោកចៅសង្កាត់ បានបន្តថា រឿងផ្លូវទំនាស់ខាងលើស្ត្រីមេម៉ាយ ឈ្មោះ នូ សុវណ្ណនី បានដាក់ពាក្យប្តឹងទៅតុលាការ តាមផ្លូវច្បាប់រួចហើយ។
ចំពោះករណីទំនាស់ផ្លូវនេះផងដែរ អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក គង់ សំណាង ដែលជាអតីត ប្រធានរតនាគារខេត្តកំពត បានទេនៅពេលនេះ៕