(ភ្នំពេញ)៖ អគ្គនាយិការរងរដ្ឋាករទឹកស្វយ័តភ្នំពេញ លោកស្រី ងិន ចន្ទ្រា បានបន្តចុះផ្សព្វផ្សាយអំពីតម្លៃទឹកថ្មីដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ មានចំនួន១៤៧បណ្តាញ ក្នុងនោះប្រជាជនចំនួន២៧គ្រួសារ ទទួលបានការឯកភាពចូលរួមស្តាប់ការផ្សព្វផ្សាយ ហើយបានលើកឡើងនូវសំណួរជាច្រើនផងដែរ។
ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយក្នុងនោះលោកស្រីអគ្គនាយិការង បានប្រាប់ប្រជាពលរដ្ឋថា ការផលិតទឹកស្អាតរបស់អគ្គនាយកដ្ឋាន គឺមានគុណភាពអាចពិសាដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ ដោយមិនប៉ះពាល់ដល់សុខភាពនោះទេ ហើយមានតម្លៃទាបជាងថ្លៃដើមផលិតទៅតាមការប្រើប្រាស់ជាក់ស្តែង។
លោកស្រី ងិន ចន្ទ្រា បានបញ្ជាក់ថា អំពីតម្លៃទឹកស្អាតដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់ឲ្យអនុវត្តន៍ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នោះ គឺមានតម្លៃប្រែប្រួលទៅតាមបរិមាណប្រើប្រាស់ ក្នុងនោះបើបរិមាណប្រើប្រាស់មិនលើសពី ៣ម៉ែត្រគូបក្នុងមួយខែ គឺមានតម្លៃ៤០០រៀល ក្នុងមួយម៉ែត្រគូប។ បើបរិមាណប្រើប្រាស់មិនលើសពី ៧ម៉ែត្រគូបក្នុងមួយខែ គឺមានតម្លៃ៥០០រៀលក្នុងមួយម៉ែត្រគូប។ បរិមាណប្រើប្រាស់មិនលើសពី ១៥ម៉ែត្រគូប មានតម្លៃ៧៧០រៀលក្នុងមួយម៉ែត្រគូប។ បរិមាណមិនលើសពី ៥០ម៉ែត្រគូប មានតម្លៃ១,០១០រៀលក្នុងមួយម៉ែត្រគូប ហើយបើលើសពី ៥០ម៉ែត្រគូប មានតម្លៃ១,២៧០រៀលក្នុងមួយម៉ែត្រគូប។
លោកស្រីអគ្គនាយិការរងបានបន្ថែមថា ចំពោះស្ថាប័នរដ្ឋ និងតំណាងចែកចាយ គ្រប់បរិមាណប្រើប្រាស់ទាំងអស់មានតម្លៃ ១,០៣០រៀលក្នុងមួយម៉ែត្រគូប។ ដោយឡែក ទីតាំងអាជីវកម្ម សេវាកម្ម ឧស្សាហកម្ម អង្គភាពស្វយ័ត និងអ្នកលក់បន្ត គឺមានតម្លៃតាមបរិមាណប្រើប្រាស់ ដូចជា បើប្រើប្រាស់មិនលើសពី ១០០ម៉ែត្រគូប មានតម្លៃ៩៥០រៀលក្នុងមួយម៉ែត្រគូប។ បើប្រើប្រាស់ពី ១០១-២០០ម៉ែត្រគូប មានតម្លៃ១,១៥០រៀលក្នុងមួយម៉ែត្រគូប។ បើប្រើប្រាស់ពី ២០១-៥០០ម៉ែត្រគូប មានតម្លៃ១,៣៥០រៀលក្នុងមួយម៉ែត្រគូប។ ចំណែកការប្រើប្រាស់លើសពី ៥០០ម៉ែត្រគូបឡើងទៅ គឺមានតម្លៃ១,៤៥០រៀលក្នុងមួយម៉ែត្រគូប។
លោកស្រី ចន្រ្ទា ក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានយល់ផងដែរ អំពីតម្លៃប្រើប្រាស់ទឹកដូចករណីខាងលើ និងកុំមានការភ័ន្តច្រឡំថា តម្លៃទឹកមានការកើនឡើង ខណៈដែលតម្លៃទឹកថ្មីនេះ មានតម្លៃទាបជាងថ្លៃដើមផលិតតាមការប្រើប្រាស់ជាក់ស្តែង លើតម្លៃដើមផលិត ៩៨០រៀលក្នុងមួយម៉ែត្រគូប។
នាឱកាសនោះ លោកស្រី ងិន ចន្ទ្រា ក៏បានបកស្រាយ និងពន្យល់យ៉ាងល្អិតល្អន់នូវរាល់ចម្ងល់ និងសំណួររបស់ប្រជាពលរដ្ឋទាក់ទងការតបណ្តាញទឹកស្អាត អំពីសេវាបង់រំលោះ រួមទាំងបណ្តាគោលការណ៍ផ្សេងៗទៀត ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្ទាល់៕