(ភ្នំពេញ)៖ លោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសំណូមពរ និងស្នើដល់អាជីវករកម្ពុជា ទាំងអស់សូមកុំទទួលផលិតផលគ្រឿងបរិភោគទាំងឡាយណា ដែលចេញពីក្រុមហ៊ុនគ្មានការចុះបញ្ជីផលិតផល ដែលគ្មានសញ្ញា ច.ប.ផ យកទៅផ្គត់ផ្គង់ និងចែកចាយ ដល់អិតិថជន ព្រោះនេះជាការចែកចាយ ដោយគ្មានច្បាប់ត្រឹមត្រូវ។
មុននឹងចរាចរណ៍ផលិតផលអាហារវិចខ្ចប់ទាំងឡាយ នៅលើទីផ្សារ គឺត្រូវឆ្លងកាត់ការចុះបញ្ជីផលិតផលជាមួយនឹង វិទ្យាស្ថានស្ដង់ដារ ឬជាមួយក្រសួងឧស្សាហកម្មជាមុនសិន ដើម្បីទទួលបានពាក់មី ឬកាតក្នុងការចរាចណ៍ ហើយផលិតផលដែលគ្មានសញ្ញា (ច.ប.ផ) ជាផលិតផលខុសច្បាប់ និងតម្រូវឲ្យជាប់ទោសទណ្ឌ។
ថែ្លងក្នុងកម្មវិធីអបអរសារទរ ការសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតភេសជ្ជៈប៉ូវកំលាំង Angkor Daily Foods លោក ចាន់ បូរិន បានថ្លែងឲ្យដឹងថា «អាជីវករទាំងអស់ត្រូវតែប្រុងប្រយ័ត្នបំផុត ក្នុងការទទួលផលិតផលពីក្រុមហ៊ុន និងធ្វើការចែកចាយបន្ដព្រោះគ្រប់ក្រុមហ៊ុនទាំងអស់ ដែលចែកចាយគ្មានការចុះបញ្ជីផលិតផល ត្រូវមានទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី២០ដល់២៤លានរៀលថែមទៀតផង»។
លោកបន្ដទៀតថា ការស្នើឲ្យអាជីវករប្រុងប្រយ័ត្ននេះ ដើម្បីកុំឲ្យមានបញ្ហាផ្សេងៗព្រោះថា ប្រសិនបើអាជីវករទទួលផលិតផលដោយគ្មានសញ្ញា (ច.ប.ផ) មិនត្រឹមតែអ្នកផលិតទេ ដែលត្រូវទទួលទោស សម្បីតែអ្នកទទួលចែកចាយក៏ត្រូវមានទោសដូចគ្នាដែរ។ កន្លងមកឃើញថា មានសមត្ថកិច្ចក្រសួងមហាផ្ទៃបានចុះអនុវត្ត និងបានចាប់របស់មួយចំនួន ដែលគ្មានការចុះបញ្ជីផលិតផលផងដែរ។
លោកក៏បានស្នើដូចគ្នា ដែលដល់ពលរដ្ឋឲ្យជួយគាំទ្រ ផលិតផលជាភេសជ្ជៈ ឬអាហារវិចខ្ចប់ទាំងឡាយ ដែលជាស្នាដៃកូនខ្មែរ។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនផលិតភេសជ្ជៈ ដែលទទួលបានវិញ្ញាបនបត្រចំនួន៤ រួមមានពីក្រសួងកសិកម្ម និងវិទ្យាស្ថានស្ដង់ដាររួមមាន ១៖វិញ្ញាបនបត្របញ្ជាក់ អំពីការអនុវត្តល្អផលិតកម្មល្អ ២៖ វិញ្ញាបនបត្របញ្ជាក់អំពីការ វិភាគពីចំណុចគ្រោះថ្នាក់ និងចំណុចត្រួតពិនិត្យចាំបាច់ ៣៖ វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារ និងទី៤៖ វិញ្ញាបនបត្របញ្ជាក់ស្ដង់ដារគ្រប់គ្រងគុណភាពតាមស្ដង់ដារ ISO9001- 2015 គឺមានតែក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកំលាំង Angkor Daily Foods មួយតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ទៀតថា ដើម្បីទទួលបានវិញ្ញាបនបត្រទាំង៤នេះ លុះត្រាតែក្រុមហ៊ុននេះ មានការប្ដេជ្ញាចិត្តខ្ពស់ និងប្រឹងប្រែងព្យាយាមសព្វបែបយ៉ាង ទាំងប្រធានក្រុមហ៊ុន និងបុគ្គលិកត្រូវតែព្យាយាមលះបង់ កំលាំងកាយចិត្ត។
សូមបញ្ជាក់ថាក្រុមហ៊ុន Angkor Daily Foods នេះបានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រុមហ៊ុននេះបានចំណាយទុនប្រមាណជាង១០លានដុល្លារអាមេរិក ដែលជាទុនវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុន ដោយពុំមានការសហការជាមួយដៃគូរក្នុង ឬក្រៅប្រទេសឡើយ។
សូមជម្រាបថា ផលិតផលរបស់ក្រុមហ៊ុន Angkor Daily Food រួមមានទឹកផ្លែឈើម៉ាក 1-2 Drink ចំនួន៦រសជាតិ ទឹកផ្លែឈើម៉ាក Selfy ចំនួន៥រសជាតិ ក្នុងនោះមានរស់ជាតិផ្លែក្រូច ទឹកត្រឡាច ចាហួយខ្មៅ ប្រទាលកន្ទុយក្រពើ ទៀបបារាំង ផ្លែឈើរី ផ្លែគូលែន ស្រ្ដូបប៊ីរី និងប្ល៊ូប៊ឺរី និងភេសជ្ជៈប៉ូវកំម្លាំងម៉ាក Champion និង Red Ant៕