(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)» ជូនមន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ៤០រូបមកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោកស្រី Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា។
លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហការជាច្រើនកន្លងមកក្នុងរូបភាពជាជំនួយបច្ចេកទេសក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជាពិសេសក្នុងគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលថ្ងៃនេះ ផ្តោតលើការពិនិត្យឡើងវិញនៃការធ្វើផែនការសាច់ប្រាក់ និង ការប្រព័ន្ធព្យាករសាច់ប្រាក់ ។ លោកស្រីក៏បានគូសបញ្ជាក់ទៀតថាមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជំនួយបច្ចេកទេសនានាសម្រាប់ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា វគ្គបណ្តុះបណ្តាលខាងលើមានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព, ការយល់ដឹងជូនមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការសិក្សាស្វែងយល់អំពីរបៀបក្នុងការធ្វើផែនការសាច់ប្រាក់ និងព្យាករណ៍សាច់ប្រាក់ សម្រាប់គាំទ្រការងាររបស់ស្ថាប័ន។
លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីជំនាញ ក្នុងការងារគ្រប់គ្រងសាច់ប្រាក់ និង រក្សាស្ថិរភាពសាច់ប្រាក់ ដែលជារឿងចាំបាច់បំផុតសម្រាប់គ្រប់គ្នា មិនថាបុគ្គល, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ព្រោះថា ក្នុងវិស័យឯកជន, ការខ្វះខាតសាច់ប្រាក់ នឹងអាចឈានទៅរកការក្ស័យធន ដោយឡែកសម្រាប់ស្ថាប័នរដ្ឋវិញ ការខ្វះខាតសាច់ប្រាក់នឹងឈានដល់ការរាំងស្ទះនូវប្រតិបត្តិការ ក្នុងការផ្តល់សេវាសាធារ-ណៈជូនសង្គមជាតិ និងប្រជាជន។ ជារួមការគ្រប់គ្រងសាច់ប្រាក់ គឺជាបេះដូងរបស់ស្ថាប័ន ហើយការគ្រប់គ្រងសាច់ប្រាក់នេះ ត្រូវការនូវបច្ចេកទេស និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីគេចចេញពីហានិភ័យនានា ដែលអាចនឹងកើតមានឡើង ។
លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា «ការគ្រប់គ្រងសាច់ប្រាក់ គឺជាយុទ្ធសាស្រ្ត ហើយការគ្រប់គ្រងលំហូរសាច់ប្រាក់រយៈពេលខ្លី និងការធ្វើឲ្យមានតុល្យភាពសាច់ប្រាក់បានល្អប្រសើរ គឺជាមូលដ្ឋានចាំបាច់ សម្រាប់ដំណើរការស្ថាប័នឱ្យមានភាពរលូន»។
លោករដ្ឋលេខាធិការ បានលើកឡើងបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែគាំទ្រ និង ផ្តោតការយកចិត្តទុកដាក់ជាខ្លាំងក្នុងការជំរុញលើកទឹកចិត្តដល់ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុឱ្យបំពេញការងាររបស់ខ្លួនបានកាន់តែល្អប្រសើរ ព្រមទាំងផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីទាញយកបទពិសោធន៍ល្អៗ តាមរយៈគ្រូឧទ្ទេសដែលជាអ្នកជំនាញជាន់ខ្ពស់របស់ដៃគូអភិវឌ្ឍ ក៏ដូចជាការបញ្ជូនមន្ត្រីជំនាញទៅចូលរួម វគ្គបណ្តុះបណ្តាល និង ធ្វើទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានាជាដៃគូ។
លោក ហ៊ាន សាហ៊ីប ក៏បានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាព ក្លាយជាយុទ្ធនាការដ៏ចាំបាច់ ហើយបានរួមចំណែកធ្វើឱ្យចលនានៃការ កែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលប្រព្រឹត្តទៅដោយរលូន និង ទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការដ្ឋានរបស់ខ្លួន។ ក្នុងនោះកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈក្នុង ការកសាង បាននូវភាពជឿទុកចិត្តបាននៃថវិកាក្នុងដំណាក់កាលទី ១, និង គណនេយ្យភាពហិរញ្ញវត្ថុក្នុងដំណាក់កាលទី២, ហើយកម្ពុជាកំពុងបន្តគោលដៅចម្បងបំផុតដែលត្រូវសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី ៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺការបង្កើនភាពផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។
«ភាពជោគជ័យទាំងនេះ គឺជាបច្ច័យអនុគ្រោះដែលបានធ្វើឱ្យកម្ពុជាអាចដោះស្រាយ និងទប់ទល់បានដោយជោគជ័យ នូវឧបសគ្គធំៗជាច្រើននាពេលកន្លងមក ដូចជាផលប៉ះពាល់ពីកំណើនតម្រូវការចំណាយសាធារណៈ, តម្រូវការអន្តរាគមន៍ក្នុងវិស័យសង្គម-សេដ្ឋកិច្ច និង គ្រោះមហន្តរាយធម្មជាតិជាដើម។ លើសពីនេះ រាជរដ្ឋាភិបាល ថែមទាំងមានអតិរេកសាច់ប្រាក់ ដែលផ្តល់លទ្ធភាពដល់ការបន្តដំឡើងប្រាក់បៀវត្សជូនមន្រ្តី រាជការ, គ្រូបង្រៀន, គ្រូពេទ្យ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, និវត្តជន និងបង្កើនថវិកាសម្រាប់ការចំណាយវិនិយោគសាធារណៈ លើវិស័យអាទិភាពសំខាន់ៗដូចជា អប់រំ និងសុខា ភិបាលជាដើម ព្រមទាំងការពង្រីកវិសាលភាព និង ជួយលើកកម្ពស់គុណភាពសេវាសាធារណៈជូនបងប្អូនប្រជាជនបានកាន់តែប្រសើរឡើងផងដែរ»។ លោកបានគូសបញ្ជាក់បន្ថែម។
លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ទៀតថា បើទោះបីជាមានកិច្ចខិតខំដូចនេះក៏ដោយ, ផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែង ក្នុងឆ្នាំ ២០១៥-២០១៦ បញ្ហាប្រឈមមួយចំនួននៅតែកើតមានឡើងនៅក្នុងការគ្រប់គ្រងថវិកា, ការគ្រប់គ្រងសាច់ប្រាក់ ដែលទាមទារឱ្យមន្ត្រីជំនាញរបស់យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។ ដូច្នេះវគ្គបណ្ដុះបណ្ដាលដែលបានរៀបចំនាពេលនេះ និង វគ្គបណ្ដុះបណ្ដាលថ្មីៗបន្ថែមទៀត នឹងជួយឱ្យមន្រ្តីជំនាញរបស់យើងត្រៀមលក្ខណៈសម្បត្តិបានកាន់តែសមស្រប ល្អប្រសើរសម្រាប់ការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចបានលទ្ធផល ខ្ពស់ និង ការកាត់បន្ថយជាអតិបរមានូវហានិភ័យពាក់ព័ន្ធនានា៕