(ភ្នំពេញ)៖ គណៈប្រតិភូសហអឺរ៉ុប មិនបានសម្តែងការប្រតិកម្មនោះឡើយចំពោះការវិវឌ្ឍន៍ស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ផ្ទុយទៅវិញប្រតិភូសភាអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា និងបានប្តេជ្ញាធ្វើឲ្យទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបកាន់តែល្អប្រសើរ។
ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានជួបដោយផ្ទាល់ជាមួយគណៈប្រតិភូសភាអឺរ៉ុប ដើម្បីពន្យល់ពីការវិវឌ្ឍន៍នូវស្ថានការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន និងការចាប់ខ្លួនលោក កឹម សុខា។ គណៈប្រតិភូសភាអឺរ៉ុប ដែលបានចូលជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនាព្រឹកនេះ ដឹកនាំដោយលោក Werner Langen ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី បានពន្យល់លំអិតអំពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបិទដំណើរការរបស់កាសែតឌឺខេមបូឌាដេលី ការបិទអង្គការ NDI រួមទាំងការចាប់ខ្លួនលោក កឹម សុខា ផងដែរ។
បើតាមលោក ជុំ សុន្ទរី ក្រោយពីបានស្តាប់នូវការពន្យល់អំពីមូលហេតុ និងលើកបង្ហាញពីទិដ្ឋភាពច្បាប់នានាជុំវិញការចាប់ខ្លួនលោក កឹម សុខា ក៏ដូចជាការបិទដំណើរការរបស់កាសែតឌឹខេមបូឌាដេលី និងអង្គការ NDI ហើយនោះ គណៈប្រតិភូសភាអឺរ៉ុប មិនបានប្រតិកម្មតប យ៉ាងណានោះឡើយ។ គណៈប្រតិភូសភាអឺរ៉ុប បានថ្លែងអំណរគុណលោកទេសរដ្ឋមន្រ្តី ហើយក៏ស្វាគមន៍ផងដែរចំពោះការអញ្ជើញសហភាពអឺរ៉ុបចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។
ក្រៅពីការបង្ហាញពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាហើយនោះ នៅក្នុងជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងប្រតិភូសភាអឺរ៉ុបនៅព្រឹកថ្ងៃនេះ ក៏បានជជែកពីពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា រយៈពេលប្រមាណជា ២៣ឆ្នាំកន្លងមកនេះ។
លោក Werner Langen បានលើកឡើងពីតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងការអភិវឌ្ឍនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ មកដល់ពេលបច្ចុប្បន្ន ព្រមទាំងបានលើកបង្ហាញអំពីនយោបាយរបស់សហភាពអឺរ៉ុប ក្នុងការពង្រីកទំនាក់ទំនងជាមួយកម្ពុជាផងដែរ។
លោក Werner Langen ប្រធានប្រតិភូ និងសមាជិក៥រូបផ្សេងទៀត បានសម្តែងការចាប់អារម្មណ៍ខ្លាំងចំពោះការរីកចម្រើននៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះរវាងសហភាពអឺរ៉ុប និងកម្ពុជា សុំផ្តល់ព័ត៌មានចំពោះអនាគតនៃទំនាក់ទំនងរវាងអឺរ៉ុប និងកម្ពុជា និងសភាពការណ៍នាពេលបច្ចុប្បន្ន តួនាទីនៅអាស៊ាន និងសហគមន៍ឥស្លាមនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនមកដល់កម្ពុជារយៈពេល ២៣ឆ្នាំកន្លងមកនេះ។ លោកទេសរដ្ឋមន្រ្តីថា ជំនួយទាំងនេះបានចូលរួមយ៉ាងសំខាន់នៅក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា កាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងបង្ហាញអំពីសារៈសំខាន់នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលសហភាពអឺរ៉ុបបានផ្តល់មកកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអនុគ្រោះពន្ធនេះ បានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជាផ្នែកសេដ្ឋកិច្ច និងរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈបង្កើតការងាររាប់រយពាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ជាពិសេសកសិកម្ម ការគ្រប់គ្រងធនធានធម្មជាតិ និងក្នុងវិស័យអប់រំជាដើម ហើយក៏បានសម្តែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយឥតសំណងមកដល់កម្ពុជាប្រមាណ ៤១០លានអឺរ៉ូ សម្រាប់ការអភិវឌ្ឍពីឆ្នាំ ២០១៤-២០២០៕