(សៀមរាប)៖ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារខេត្ត និងលោកវរសេនីយ៍ឯក ញឹម សិលា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំកំពង់ភ្លុក ព្រមទាំងមន្ដ្រីក្រុមការងារជាច្រើនរូប បានរួមគ្នាធ្វើកឋិនទានសាមគ្គី ប្រមូលបច្ឆ័យបានជាង១២,០០០ដុល្លារ ប្រគេនដល់ព្រះសង្ឃ នៅវត្តស្រះអណ្តែត ហៅវត្តកំពង់ភ្លុក។
អង្គកឋិនទានសាមគ្គី ដែលបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម នាយឧត្តមសេនីយ៍ ស៊ុ សំណាង និងលោកវរៈសេនីយ៍ឯក ញឹម សិលា នេះ បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ដោយបានរៀបចំពិធីក្រុងពាលី សូត្រមន្ត និងព្រះសង្ឃ សម្តែងធម៌ទេសនា ទទួលបដិសណ្ឋាកិច្ច ភ្ញៀវអញ្ជើញចូលរួម ក្នុងគេហដ្ឋាន លោកវរៈសេនីយ៍ឯក ញឹម សិលា ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។
បើតាមធម្មកធិកសម្តែងធម៌ទេសនា បានឲ្យដឹងថា កឋិនទានជាពិធីបុណ្យតាមកាល ដែលចាប់ផ្តើមពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃពេញបូរមី ខែកត្តិក ដើម្បីវេរប្រគេនសំពត់ត្រៃចីវរ និងសម្ភារបរិក្ខារប្រគេនដល់ព្រះសង្ឃ គង់ចាំវស្សាក្នុងអារាម អស់រយៈពេលបីខែ ហើយពិធីនេះប្រជាពុទ្ឋបរិស័ទតែងតែនាំគ្នា ប្រារព្ឋធ្វើទៅតាមប្រពៃណីទំនៀមទំលាប់ ព្រះពុទ្ឋសាសនា ដែលព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងបានបញ្ញតិទុកមក។
លោក ញឹម សិលា ក្នុងនាមជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំកំពង់ភ្លុក បានឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានដង្ហែអង្គកឋិន មកកាន់វត្តប្រាសាទអណ្តែត ហៅវត្តកំពង់ភ្លុក និងវត្តមួយចំនួនទៀត ក្នុងខេត្តសៀមរាប ក្នុងបណ្តាឆ្នាំកន្លងទៅ ដោយសារលោកនិងមាតា បិតា ក្រុមគ្រួសារ មានសទ្ធា និងជឿមាំ ទៅនឹងព្រះពុទ្ឋសាសនា និងដោយមើលឃើញថា វត្តកំពង់ភ្លុកនេះ នៅជួបភាពខ្វះខាត ទាំងសម្បត្តិគរុភណ្ឌ័ក្នុងវត្ត និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ ហើយជាពិសេស ដើម្បីប្រមូលបច្ច័យ ដែលបានមកពីការចូលរួមអង្គកឋិននេះ យកទៅជួយជួសជុលព្រះវិហារវត្តនេះ មានសភាពទ្រុឌទ្រោម និងរងនូវការខូចខាតជាអន្លើរៗផងដែរ។
លោក ញឹម សិលា ក៏បានឲ្យដឹងទៀតថា ថវិកាចំនួនជាង ១២,០០០ ដុល្លារអាមេរិក ដែលទទួលបានពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ នាយឧត្តមសេនីយ៍ ស៊ុ សំណាង និងក្រុមការងារចុះជួយឃុំកំពង់ភ្លុក ព្រមទាំងប្រជាពុទ្ឋបរិស័ទមួយចំនួនផង ទោះបីតិចតួចតែក៏ចាត់ជាវិភាគទាន បានមកពីចិត្តនិងស្មារតីសាមគ្គីរួមគ្នា ដើម្បីយកទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងតម្រូវការផ្សេងៗក្នុងវត្ត។
ក្នុងនោះផងដែរ លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបានជំរុញបន្ថែម ដល់សមាជិសមាជិកា និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំឲ្យបន្តកិច្ចខិតខំប្រឹងប្រែង សហការគ្នាឲ្យបានល្អ និងប្រកបដោយប្រសិទ្ឋិភាព ក្នុងការបំរើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានលឿនរហ័ស និងប្រកបដោយតម្លាភាព ចៀសវាងការយកកម្រៃសេវាលើសការកំណត់ ជាពិសេសត្រូវប្រព្រឹត្តិតែអំពើល្អជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានជាប្រចាំ និងត្រូវដឹងសុខទុក្ខពួកគាត់ ហើយចៀសវាងនូវសកម្មភាព និងអំពើមិនគប្បី ដែលនាំឲ្យ
ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមានការថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត ដោយសារការមិនបានយកចិត្តទុកដាក់ជាមួយគាត់៕