(ភ្នំពេញ)៖ លោក អ៊ុក គឹមសិទិ្ធ អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចនាវេលាម៉ោងជាង១២ថ្ងៃត្រង់, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹកថ្ងៃនេះតុលាការកំពូលបានបើកសវនាកាត់ក្ដី រំលាយគណបក្សនយោបាយចំនួន៩ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
អគ្គព្រះរាជអាជ្ញារងដដែលរូបនេះ បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលតុលាការកំពូលសម្រេចកាត់រំលាយគណបក្សនយោបាយទាំងនេះ ព្រោះថាគណបក្សខ្លះមិនបានធ្វើសកម្មភាពនយោបាយទាល់តែសោះ ហើយខ្លះទៀតមិនមានអាស័យដ្ឋានពិតប្រាកដច្បាស់លាស់ និងពិសេសមិនបានធ្វើរបាយការណ៍ប្រចាំឆ្នាំ មកកាន់ក្រសួងមហាផ្ទៃ និងមិនបានបំពេញកាតព្វកិច្ចជាគណបក្សនយោបាយ ដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
គណបក្សនយោបាយចំនួន៩ ដែលបានកាត់រំលាយនោះរួមមាន៖
ទី១៖ គណបក្សសង្គមថ្មី ដែលមានប្រធានឈ្មោះ ឡួយ លឹមភូង ភេទស្រី អាយុ៦៨ឆ្នាំ
ទី២៖ គណបក្សស្ដ្រីសង្គ្រោះកម្ពុជា ដែលមានប្រធានឈ្មោះ នូ សេនមុំ ភេទស្រី អាយុ៧១ឆ្នាំ
ទី៣៖ គណបក្សនាងនាគនារីខ្មែរ ដែលមានប្រធានឈ្មោះ ឌួង សុខខឿន ភេទស្រី អាយុ៦៦ឆ្នាំ
ទី៤៖ គណបក្សពលរដ្ឋខ្មែរ ដែលមានប្រធានឈ្មោះ ខៀវ សេងគីម ភេទប្រុស អាយុ៧២ឆ្នាំ
ទី៥៖ គណបក្សខ្មែរជាតិនិយម ដែលមានប្រធានឈ្មោះ ឃឹម ភុនវិហាន ភេទប្រុស អាយុ៦៥ឆ្នាំ
ទី៦៖ គណបក្សសង្គមខ្មែរនិយម ដែលមានប្រធានឈ្មោះ អឿន សារ៉ាត់ ភេទប្រុស អាយុ៦០ឆ្នាំ
ទី៧៖ គណបក្សពន្លឺសេរីភាពលោក ថាច់ រ៉េង ដែលមានប្រធានឈ្មោះ ថាច់ រ៉េង ភេទប្រុស អាយុ៨១ឆ្នាំ
ទី៨៖ គណបក្សសេរីបង្រួបបង្រួមជាតិ ដែលមានប្រធានឈ្មោះ សំរិន រេត អាយុ៧៦ឆ្នាំ
ទី៩៖ គណបក្សប្រជាជាតិខ្មែរ ដែលមានប្រធានឈ្មោះ ស៊ុម ស៊ីថា ភេទប្រុស អាយុ៦១ឆ្នាំ៕