(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុកម្មការ សុវត្ថិភាពចរាចរផ្លូវគោកខេត្ត នៅព្រឹកថ្ថៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអសោះគ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
លោក វ៉ី សំណាង ថ្លែងបែបនេះ ក្នុងឱកាសលោករួមជាមួយមន្ទីរសារធារណការខេត្តចុះ និងមន្ត្រីពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយ និងចែកខិតបណ្ណដល់ ប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៤ ក្នុងយុទ្ធនាការពាក់មួកសុវត្ថិភាព។
លោក វ៉ី សំណាង អភិបាលខេត្ត បានបន្តថា នៅមុខប្រជាពលរដ្ឋដែលមិន បានពាក់មួកសុវត្ថិភាពធ្វើដំណើរលើដងផ្លូវជាតិ ដែលត្រូវសមត្ថកិច្ចផ្អាក ដំណើរអប់រំទាំងនោះថា មួកសុវត្ថិភាពពិតជាអាចជួយ ចំពោះបងប្អូនបានច្រើនណាស់ ការពារពេលដួលប៉ះពាល់ដល់លលាដ៏ក្បាល និងខួរក្បាល ដែលអាចឲ្យយើងពិការ ឬដល់ស្លាប់ផង ហើយការពាក់មួកសុវត្ថិភាពបានបង្ហាញឲ្យឃើញពីភាពគោរពច្បាប់ផង និងធ្វើជាគំរូដ៏ល្អសម្រាប់ពលរដ្ឋ ឯទៀតធ្វើតាម។ ហើយមន្ត្រីរាជការទាំងអស់ ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្ត ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើបងប្អូនពាក់សុវត្ថិភាពរាល់ ការបើកបរទោចក្រយានយន្ត គឺបានបង្ហាញថាបងប្អូនស្រឡាញ់ជីវិតខ្លួនឯង និងជួយអប់រំដោយប្រយោល ចំពោះក្មេងៗជំនាន់ក្រោយឲ្យគោរពច្បាប់ចរាចរដែរ។ ការធ្វើជាគំរូដ៏ល្អរបស់យើង គឺមិនត្រូវបើកបរលឿន ពេលបើកបរមិនត្រូវពិសាគ្រឿងស្រវ៉ឹង ចេះគោរពគ្នាលើដងផ្លូវ គោរពស្លាកសញ្ញាចរាចរ ជាពិសេសមិនគួរនិយាយទូរស័ព្ទក្នុងពេលបើកបរ ដោយគ្មានខ្សែសម្លេងទំនាក់ទំនងនោះឡើយ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា មិនថាឡើយអ្នកមាន អ្នកក្រ អ្នកធំ អ្នកតូចនោះទេឲ្យតែជួបគ្រោះថ្នាក់ចរាចរហើយ គឺត្រូវពិការ ឬស្លាប់ដូចតែគ្នាទេ ដូច្នេះមានតែយើងនាំគ្នាការពារជីវិតយើងដោយបើកបរ ពាក់មួកសុវត្ថិភាពបើកបរដោយពាក់ខ្សែក្រវ៉ាត់ មានតែការបើកបរគោរព ច្បាប់ចរាចរណ៍តែប៉ុណ្ណោះទើបការពារជីវិតយើង ឲ្យគេចផុតពីគ្រោះថ្នាក់ចរាចរបាន។ ហើយគ្រោះថ្នាក់ចរាចរនៅកម្ពុជា ត្រូវបានគេបានគេដឹងថា មានមនុស្សស្លាប់ពី៥-៦នាក់ ក្នុងមួយថ្ងៃ និងអ្នកបានទទួលរងរបួស បើប្រៀបធៀបទំហំនៃការខាតបង់បណ្តាលមកពីគ្រោះថ្នាក់ចរាចរ រាប់រយលានដុល្លារ ក្នុងមួយឆ្នាំៗ ហើយការកើនឡើងអ្នកស្លាប់ និងរបួសទាំងនោះ ក្នុងកំឡុងពេលបុណ្យសំខាន់ៗ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕