(ភ្នំពេញ)៖ ក្រុមហ៊ុនជេស៊ី (ខេមបូឌា) អ៉ីនធើណេសិនណល អ៊ែរឡាញ បានបើកសម្ពោធជើងហោះហើរត្រង់ដំបូងរបស់ខ្លួនវាងភ្នំពេញ ទៅទីក្រុងហុងកុង ប្រទេសចិន, សៀមរាប ទៅទីក្រុងហុងកុង និងសៀមរាប ទៅកាន់ទីក្រុងសេអ៊ុលប្រទេសកូរ៉េ ដោយសម្លឹងមើលឃើញពីកំនើនភ្ញៀវទេសចរកាន់តែច្រើនឡើងៗ ដែលកត្តាទាំងអស់នេះ ឆ្លុះបញ្ជាំងពីភាពរីកចម្រើន លើផ្នែកអាកាសចរណ៍នៅកម្ពុជា។
ការបើកជើងហោះហើរត្រង់ថ្មីនេះ ចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ មានការចូលរួមពី លោក តាំង ជុន អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនជេស៊ី រួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុន «ជេស៊ីអ៊ែរឡាញ» និងបុគ្គលិកជាច្រើននាក់ទៀតផងដែរ។
លោក ជាវ គីរីរម្យ ប្រធានផ្នែកផលិតកម្ម របស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែរឡាញ បានថ្លែងបញ្ជាក់ថា «នេះជាមុខមាត់ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលបាននាំភ្ញៀងទេសចរអន្តរជាតិ ពីប្រទេសចិន និងប្រទេសកូរ៉េ មកកម្ពុជា ហើយសម្រាប់ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ និងការនាំយកនូវភ្ញៀវទេសចរ ពីទាំងពីរមកកំសាន្តទីក្រុងអង្គរ ដែលជាបេតិកភ័ណ្ឌជាតិ និងក្រុងភ្នំពេញ ទីក្រុងគុជនៃរាជាណាចក្រកម្ពុជា និងរួមចំនែកលើកស្ទួយកំណើនទេសចរណ៍ នៅកម្ពុជាកាន់តែច្រើនជាងមុនទៅទៀត។ កត្តាក្នុងការរីកចម្រើនទាំងអស់នេះ ក៏អាស្រ័យទៅសន្តិភាព សន្តិសុខល្អ និងស្ថានភាពនយោបាយល្អក្នុងប្រទេសកម្ពុជាផងដែរ»។
សម្រាប់ជើងហោះហើរត្រង់លេខ QD801 ចាប់ចេញដំណើររៀងរាល់ថ្ងៃសៅរ៍ ពីទីក្រុងសៀមរាបនៅម៉ោង ២១៖៥៥នាទី ទៅដល់ទីក្រុងសេអ៊ុល នៅម៉ោង ៤៖៤៥ ទៀបភ្លឺ។ ត្រលប់មកវិញ ដោយជើងហោះហើរត្រង់លេខ QD802 ពីទីក្រុងសេអ៊ូល មកដល់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប នៅប្រមាណម៉ោង០៩៖២៥នាទីព្រឹក រៀងរាល់ថ្ងៃអាទិត្យ។
ជើងហោះហើរត្រង់មួយទៀត របស់ក្រុមហ៊ុនជេស៊ី លេខ QD691 ចាប់ចេញដំណើររៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បិ៍ ពីទីក្រុងភ្នំពេញ វេលាម៉ោង ១៤៖២០នាទី រសៀល ទៅដល់ទីក្រុងហុងកុង ក្នុងវេលាម៉ោង ១២៖៥០យប់។ ត្រលប់មកវិញដោយជើងហោះហើរត្រង់លេខ QD692 ពីទីក្រុងហុងកុងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប នៅប្រមាណម៉ោង១៣៖៥០នាទី ។
សម្រាប់ជើងហោះហើរត្រង់ សៀមរាប និងហុងកុង លេខ QD691 ចាប់ចេញដំណើររៀងរាល់ថ្ងៃអង្គារ និងថ្ងៃអាទិត្យ ពីទីក្រុងសៀមរាប នៅម៉ោង ០៩៖០៥នាទីព្រឹក ទៅដល់ទីក្រុងហុងកុង ក្នុងវេលាម៉ោង ១៧៖៥០នាទីល្ងាច។ ត្រលប់មកវិញដោយជើងហោះហើរត្រង់លេខ QD692 ពីទីក្រុងហុងកុង មកដល់អាកាសយាន្ត ដ្ឋានអន្តរជាតិភ្នំពេញ នៅប្រមាណម៉ោង ២០៖៥០នាទីយប់ ។
លោក ជាវ គីរីរម្យ បានបន្ថែមថា ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនជេស៊ី ការប្តេជ្ញាចិត្តតាមចក្ខុវិស័យដែលគ្រោងការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ដៃគូរពាណិជ្ជកម្ម និងភ្នាក់ងារទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស។ ការដែលបើកជើងហោះហើរត្រង់នេះ នឹងបានសំរួលដល់ការហូរចូល និងនាំយកនូវភ្ញៀវទេសចរពីប្រទេសបរទេស មកកំសាន្តទីក្រុងភ្នំពេញ និង សៀមរាបអង្គរដែលជាបេតិកភ័ណ្ឌជាតិ នឹងរួមចំនែកលើកស្ទួយកំណើនទេសចរ និងសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកផងដែរថា ក្រុមហ៊ុនជេស៊ី អ៊ែរឡាញ កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានបើកសម្ពោធជើងហោះហើរត្រង់ដំបូងរបស់ខ្លួន JC Airlines បើកជើងហោះហើរត្រង់ថ្មីមួយទៀត ពីក្រុងសៀមរាប ទៅកាន់ទីក្រុងឆុងឈីង ប្រទេសចិន ដោយមើលឃើញពីកំនើនភ្ញៀវទេសចរនៅខេត្តសៀមរាប។
ជាមួយសេវាយ៉ាងល្អ ទំនុកចិត្តខ្ពស់ និងការផ្តល់ជួនតម្លែពិសេសស ម្រាប់ទេសចរនិងដៃគូរពាណិជ្ជកម្ម។ ក្នុងពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុនអាកាសចរណ៏ជេស៊ី មាននឹងគ្រោងបើកការហោះហើរជាអន្តរជាតិ បន្ថែមទៀតរវាង ទីក្រុងភ្នំពេញ និងសឹង្ហបុរី ដើម្បីស្របតាមចក្ខុវិស័យ នៃការពង្រីកវិសាលភាពជើងហោះហើរដ៏មហិច្ឆិតា និងផែនការសកម្មភាពយ៉ាងច្បាស់លាស់របស់ក្រុមហ៊ុន អាចឲ្យមានការពង្រីកការហោះហើរ ប្រកបដោយជោគជ័យ ទៅកាន់បណ្តាប្រទេស ជាច្រើនដូចជា កូរ៉េ ជប៉ុន និងបណ្តាខេត្តរបស់ប្រទេសចិន ដែលមានទីក្រុងសក្តានុពល ដូចជា សៀងហៃ ក្វាងទុង ស៊ិនជីងឈីងទូ សានយ៉ា និងគួយ៉ាងជាដើម ។
ចំពោះតម្លៃសំបុត្រវាងរទីក្រុង ភ្នំពេញ ហុងកុង និង រវាងទីក្រុង សៀមរាប ហុងកុងផ្តល់ជួនពិសេសចាប់ពី៦៦ដុល្លារ សម្រាប់សំបុត្រ ONE WAY TRIP ហើយចាប់ពី ៨៨ដុល្លារ សម្រាប់សំបុត្រ ROUND-TRIP តែប៉ុណ្ណោះ៕