(បាត់ដំបង)៖ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំកម្លាំងចម្រុះ ចុះយុទ្ធនាការអប់រំ ពីសុវត្ថិភាពការគោរពច្បាប់ចរាចរណ៍ និងធ្វើការផាកពិន័យទ្រង់ទ្រាយធំ នៅចំណុចរង្វង់មូលលោកតាដំបងគ្រញូង និងគោលដៅផ្សេងទៀត ក្រុងបាត់ដំបង។

យុទ្ធនាការនេះ ក៏មានការចូលរួមពីលោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ែន ឬទ្ធី ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងមន្រ្តីជំនាញជាច្រើនរូបទៀតចូលរួមផងដែរ។

លោក ខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះ មន្ទីរជំនាញ បានសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ខេត្ត ដែលដឹកនាំដោយលោកអភិបាលខេត្តជាប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ហើយមន្ទីរជំនាញ ក៏បានត្រៀមរៀបចំ មួកសុវត្តិភាពចំនួន៥០០មួក សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណអប់រំច្បាប់ចរាចរណ៍ផ្សេងៗជាច្រើនទៀត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយើងនាថ្ងៃនេះផងដែរ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឲ្យដឹងថា ថ្ងៃនេះ ជាថ្ងៃបើកឆាកយុទ្ធនាការធំទូទាំងប្រទេស ដោយឡែកនៅខេត្តបាត់ដំបង ក៏បានអនុវត្តនៅតាមគោលដៅនានាជុំវិញក្រុងបាត់ដំបង ដោយបានធ្វើការអប់រំដល់ប្រជាពលរដ្ឋណា បានជិះម៉ូតូមិនពាក់មួកសុវត្ថិភាពត្រូវ ក្រុមចម្រុះយើងធ្វើការផាកពិន័យជាទឹកប្រាក់១៥,០០០រៀល នៅនឹងកន្លែងរួចហៅ
មកធ្វើការអប់រំភ្លាមៗ ដោយតម្រូវឲ្យឆ្លើយសំនួរ អំពីអត្ថប្រយោជន៍ការពាក់មួកសុវត្ថិភាព ដើម្បីអ្វី ? ចំពោះអ្នកណា ? ការពារអាយុជីវិតអ្នកណា ? និងមានសំនួរជាច្រើនទៀតផងដែរ ក្នុងការឆ្លើយសំនួរនេះ បើអ្នកណាឆ្លើយបានត្រឹមត្រូវ គណៈកម្មការចម្រុះបានប្រគល់មួកសុវត្ថិភាព១ សម្រាប់ពាក់ជិះម៉ូតូ ដើម្បីការពារសុវត្តិភាពខ្លួន និងក្រុមគ្រួសាររបស់អ្នក។

លោក សឿម ប៊ុនរិទ្ធ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅថា ការពាក់មួកសុវត្ថិភាព មិនមែនសម្រាប់អ្នកដ៏ទៃទេ គឺពាក់ដើម្បីការពារសុវត្ថិភាពខ្លួនយើង អាយុជីវិតយើង និងក្រុមគ្រួសារ មិនមែនការពារមន្រ្តីនគរបាលចរាចរណ៍ទូទៅនោះទេ ហើយនគរបាលចរាចរណ៍ប្រចាំការ នៅតាមគោលដៅនានា គឺជួយការពារអាយុជីវិតរបស់បងប្អូនទេ ដូច្នេះដើម្បីកុំឲ្យមាននិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យើងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សុវត្ថិភាពជាចំបង៕