(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការ «ពាក់មួកសុវត្ថិភាព» ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរពាក់មួកសុវត្ថិភាពរាល់ពេលធ្វើចរាចរណ៍លើដងវិថី។
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសព្រមៗគ្នាតែម្តង ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋឲ្យចូលរួមពាក់មួកសុវត្ថិភាព ជាពិសេសនៅក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូកដែលឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងថ្ងៃបើក «យុទ្ធនាការពាក់មួកសុវត្ថិភាព» នេះ មួកសុវត្ថិភាពចំនួន ១២,៥០០មួក ត្រូវបានបែងចែកទៅតាមរាជធានី-ខេត្ត ទាំង២៥ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងវិថីដោយមិនមានពាក់មួកសុវត្ថិភាព។
នៅក្នុងរាជធានីភ្នំពេញពិធីបើកយុទ្ធនាការ «ពាក់មួកសុវត្ថិភាព»នេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយផ្ទាល់ពីលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ខណៈនៅតាមបណ្តាខេត្តទទួលបានការចូលរួមដោយផ្ទាល់ពីអភិបាលខេត្ត ប្រធានមន្ទីរសាធារណការ និងមន្រ្តីពាក់ព័ន្ធ។
ផ្ទាំងពាក្យស្លោកអប់រំពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ជាច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងយុទ្ធនាការនេះ មានដូចជាការបំផុសស្មារតីឲ្យគោរពច្បាប់ចរាចរណ៍ ពន្យល់ពីផលលំបាកកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ និងពីហានិភ័យនៃការបើកបរដោយមិនពាក់មួកសុវត្ថិភាពជាដើម។ មន្រ្តីនគរបាលចរាចរណ៍ត្រូវបានដាក់ពង្រាយនៅតាមដងវិថី ដើម្បីស្ទាក់ចាប់អ្នកបើកបរទោចក្រយានដែលមិនពាក់មួកសុវត្ថិភាពយកទៅអប់រំ និងឆ្លើយសំណួរផ្សេងៗ ដើម្បីទទួលបានមួកសុវត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឲ្យអ្នកបើកបរនោះផ្តិតមេដៃទទួលមួក និងមានបញ្ជាក់ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។
ក្នុងថ្ងៃបើកយុទ្ធនាការនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រៅពីបានចូលរួមពាក់មួកដោយផ្ទាល់ដៃជូនប្រជាពលរដ្ឋហើយនោះ ក៏បានអប់រំដល់អ្នកជិះម៉ូតូអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។
ក្នុងថ្ងៃបើកយុទ្ធនាការនេះលោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានកត់សម្គាល់ឃើញថា អ្នកជួបគ្រោះថ្នាក់ចរាចរដោយមិនពាក់មួកសុវត្ថិភាពនៅតែមានអត្រាខ្ពស់។ លោក រុន រ័ត្នវាសនា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋជាអ្នកបញ្ជាយានយន្តចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបញ្ជាទោចក្រយានយន្ត ត្រូវចូលរួមពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់ខ្លួន។
របាយការណ៍បានបង្ហាញថា រយៈពេល ៩ខែឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន ២,៧៣១លើក បណ្តាលឲ្យអ្នកដំណើរ ១,៣៥១នាក់ បានស្លាប់បាត់បង់ជីវិត និង ៤,២២២នាក់ បានរងរបួស។ ក្នុងចំណោមអ្នករងគ្រោះទាំងអស់នេះ មានអ្នកមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ ៦៦ភាគរយ។ តាមរយៈយុទ្ធនាការ «ពាក់មួកសុវត្ថិភាព» គេរំពឹងថា នឹងចូលរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋចូលរួមពាក់មួកសុវត្ថិភាពបានកាន់តែច្រើននៅពេលធ្វើចរាចរណ៍៕