(កោះកុង)៖ នៅព្រឹកថ្អៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត និងលោក អ៊ន ដាវុធ ប្រធានមន្ទីរសាធារណៈការ ខេត្តកោះកុង បានចុះប្រតិបត្តិការណ៍ ផ្តល់មួកសុវត្ថិភាពចំនួន២០០មួក និងណែនាំប្រជាពលរដ្ឋឲ្យបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមានការចូលរួមពីសំណាក់អាជ្ញាធរក្រុង និងសហការណ៍ជាមួយសមត្ថកិច្ចចរាចរណ៍ នៃស្នងការនគរបាលខេត្តជាច្រើនរូបផងដែរ។
លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានថ្លែងថា នេះជាសក្ខីភាពមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះអាយុជីវិតបងប្អូន រហូតរាជរដ្ឋាភិបានផ្តល់មួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានផ្តល់អនុសាសន៍ល្អ ជូនបងប្អូនឲ្យបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗ ដើម្បីអនាគតនឹងក្រុមគ្រួសារខួ្លនឯង។
លោក ផៃធូន ផ្លាមកេសន ក៏ធ្វើការអំពាវនាវនៅមុខបងប្អូន សូមឲ្យពាក់មួកសុវត្ថិភាព ជាប់ជានិច្ចក្នុងពេលធ្វើដំណើរ តាមទោចក្រយានយន្ត មិនត្រូវបើកបរ ក្នុងល្បឿនលឿនហួស កំណត់ជាដាច់ខាត ហើយមិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹងឡើយ ហើយលោកសូមឲ្យបើកបរ ត្រូវគោរពសិទ្ធិអាទិភាព គោរពស្លាកចរាចរណ៍ ត្រូវប្រកាន់ស្តាំជានិច្ច ហើយមុនបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រាំង ភ្លើងបំភ្លឺ។ល។ ហើយត្រូវបើកបរក្នុងស្មារតី មានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះយោគយល់គ្នាក្នុងការបើកបរ (សូមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា)។
លោក អ៊ន ដាវុធ បានថ្លែងថា ការចុះផ្តល់មួកសុវត្ថិភាព ជូនបងប្អូនប្រជាពលថ្ងៃនេះ មួកចំនួនសរុបចំនួន២០០ចែក ចំនួន២គោលដៅ គឺក្នុងក្រុងខេមភូមិន្ទ នឹងស្រុកមណ្ឌលសីមា ហើយក្រុមការងារចុះបន្តចែកគ្រប់ស្រុកហើយ មួកសុវត្ថិភាព ដែលត្រូវចែកជូនប្រជាពលរដ្ឋ មានចំនួនសរុបចំនួន៥០០មួក ក្រោមការឧបត្ថម្ភ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក អ៊ន ដាវុធ បានបន្តថា ការចុះចែកមួកសុវត្ថិភាពថ្ងៃនេះ គឺជាគោលការសំខាន់ណាស់ យើងផ្តល់មួកសុវត្ថិភាព ឲ្យគាត់ដោយមិនយកតម្លៃសេវា ផ្តល់សៀវភៅ១ច្បាប់ ស្តីពីចរាចណ៍ផ្លូវគោក ហើយធ្វើការពន្យល់ណែនាំ ដល់គាត់ឲ្យបើកបរចេះគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ល៕
\