(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ កម្មវិធីវត្តសង្គហកុមារ និងការប្រកាស់ដាក់ឲ្យប្រើប្រាស់សៀវភៅ សាមណេរសុខា និងសៀវភៅព្រះពុទ្ធសាសនា ឆ្លើយតបអំពើហិង្សាលើកុមារ (សម្រាប់ពុទ្ធិក សិក្សាថ្នាក់បរិញ្ញាបត្រ) នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
កម្មវិធីនេះរៀបចំឡើងដោយ ក្រសួងធម្មការ និងសាសនា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា និងអង្គការយូនីសេហ្វ ដោយមានការចូលរួម ពីព្រះសង្ឃ ប្រធានមន្ទីរគោលដៅមួយចំនួន ដែលមានសមាសភាពសរុបប្រមាណជិត១០០អង្គ/នាក់ ដែលនេះជាសមិទ្ធផលជាប្រវត្តិសាស្ត្ររថ្មីមួយទៀត ក្នុងពុទ្ធិកសិក្សារួមចំណែកដល់ការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់ថា សមិទ្ធផលទាំងនេះអាចកើតឡើងបាន គឺដោយសារប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានសន្តិភាពពេញលេញ ហើយបរទេសក៏ទទួលស្គាល់សន្តិភាពនេះដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សា និងការពារសន្តិភាពនេះឲ្យមានជារៀងរហូត៕