(កំពង់ចាម)៖ ក្រុមចោរដែលតែងធ្វើសកម្មភាពយ៉ាងសកម្មខាងកាច់កម៉ូតូ នៅក្នុងមូលដ្ឋានស្រុកចំការលើនោះ ត្រូវស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាបបាន២នាក់ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថា ប្រតិបត្ដិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល/ធ្ង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយទី១៖ឈ្មោះ យ៉េង សុភ័ក្រ អាយុ២៣ឆ្នាំ នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២៖ឈ្មោះ យ៉េង រំខាន ហៅង៉ោ អាយុ២៣ឆ្នាំ មានទីលំនៅភូមិវាំង ឃុំតាំក្រសាំ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានបញ្ជាក់ថា បើតាមចម្លើយសារភាពក្រុមជនសង្ស័យធ្លាប់បានធ្វើសកម្មភាពចំនួន៤លើក ដោយលើកទី១៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២ឥ១៧ នៅភូមិស្ពឺ (ក) ឃុំជយោ ស្រុកចំការលើ, លើកទី២៖កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ, លើកទី៣៖កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ និងលើកទី៤មិនបានសម្រេច នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧តែម្ដង នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ។
ក្រោយបង្ក្រាបបានកម្លាំងនគរបាលជំនាញដកហូតបាន សោរកែឆ្នៃសម្រាប់កាច់សោរកម៉ូតូចំនួន២, សោរខ្សៀ១, ម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ១គ្រឿង ពាក់ស្លាកលេខបាត់ដំបង1Q-1442 ហើយម៉ូតូដែលជាមធ្យោបាយ គឺជាម៉ូតូដែលបានលួច យកមកពីស្រុកបវិល ខេត្តបាត់ដំបង ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៧។ ដោយឡែកម៉ូតូដែលលួចបានទាំង០៣ករណីខាងលើយកទៅលក់នៅខេត្តពោធិ៍សាត់។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនសង្ស័យទៅចាត់ការបន្ដតាមច្បាប់៕