(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងឱកាសបើកយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យគ្រប់អ្នកបើកបរទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា មន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត។
នៅក្នុងយុទ្ធនាការដែលអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានប្រារព្ធធ្វើនាឱកាសនេះ បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបើកបរពុំមានមួកសុវត្ថិភាពចំនួន៥០០មួក រួមជាមួយការណែនាំ អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកពីមន្ត្រីជំនាញផងដែរ៕