(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់មេឃុំ និងសមាជិកក្រុមប្រឹក្សា មកពីគណបក្សសង្គ្រោះជាតិចំនួន៣រូប ដោយពួកគេទាំងអស់ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងហៅលោក កឹម សុខា ព្រមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិទៀតផង។
ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៤នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយ បក្សកាន់អំណាចនោះ រួមមាន៖
ទី១៖ ខេត្តកំពង់ចាម៖ លោក ស៊ូ លាងហាក់ អាយុ៤០ឆ្នាំ ជាមេឃុំថ្មពូន រស់នៅភូមិអណ្តូងផ្តៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី២៖ ខេត្តតាកែវ២នាក់ ទី១៖លោក សុខ លេង ជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំតាអូរ និងទី២៖ លោក តាក ឈៀន សមាជិកក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ២០រូបផងដែរ សម្រេចផ្លាស់ប្តូរជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ខេត្តកំពង់ធំចំនួន៤នាក់, ខេត្តកំពង់ចាមមានចំនួន២នាក់, ខេត្តព្រះវិហារម្នាក់, នៅខេត្តត្បូងឃ្មុំមានម្នាក់, នៅខេត្តកំពតមានម្នាក់, នៅខេត្តបន្ទាយមានជ័យមានម្នាក់, នៅខេត្តព្រៃវែងមាន៣នាក់, នៅខេត្តឧត្តរមានជ័យមានម្នាក់, នៅខេត្តតាកែវមាន៣នាក់ និងខេត្តក្រចេះមានម្នាក់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕