(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធីសូត្រមន្តក្រុងពាលី នៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខ។
ពិធីនេះដែរធ្វើឡើង ដើម្បីសុំសេចក្តីសុខទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលសាលារាជធានីភ្នំពេញតែងតែប្រារព្ធឡើងមុនពេល នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកមកដល់ នៅថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។
ជាមួយគ្នានេះ លោកអភិបាលរាជធានី ក៏បានសំណេះសំណាលជាមួយកីឡាករចំណុះទូករាជធានី ចំនួន៣៨ទូក ស្មើចំនួន២,៨៦៦នាក់។ ក្នុងឱកាសនោះ លោក ឃួង ស្រេង អំពាវនាវដល់កីឡាករទាំងអស់ ត្រូវថែរក្សាសុខភាព ដោយហូបស្អាត ដើម្បីប្រណាំងយកជ័យលាភី ជូនដល់អង្គភាព ដល់ក្រុមគ្រួសារ ពិសេសជាមុខមាត់របស់រាជធានីផងដែរ។
លោក ឃួង ស្រេង បានថ្លែងថា ទូកអុំនៅរាជធានីភ្នំពេញ ដែលនឹងចូលរួមមាន២៨៦៧នាក់ ៣៩ទូកដែលអុំនៅថ្ងៃនេះ ។
ពិធីបុណ្យជាតិរបស់យើងមានច្រើន ដូចជាពិធីបុណ្យអុំទុកនេះជាដើម ពីធីនេះភាគច្រើនធ្វើនៅរដូវទឹកស្រក។ ជាក់ស្តែងនៅឆ្នាំនេះ យើងធ្វើនៅ២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ដែលមានទូកចូលរួមចំនួន២៧១ទូកចូលរួម។
ជាមួយគ្នានេះ លោកស្នើឲ្យអ្នកគ្រប់គ្រងទូកទាំអស់ មើលការអប់រំកីឡាករ និងការហូបចុកដោយមានអនាម័យ។ លោកស្នើឲ្យកីឡាក កុំចោលសំរាមផ្តេសផ្តាស ដាក់ក្នុងធុងឬចង់ដែលរៀបចំរួចហើយ។ បត់ជើងក្នុងបង្គន់ដែលរៀបចំរួចស្រេច ឲ្យមានបតិស្ថានល្អសមជាទីក្រុង ជាបេះដូងរបស់ប្រទេស៕