(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ចាប់ពីថ្ងៃតទៅ អាជ្ញាធរខណ្ឌសហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ លោក សៀង បូរិន និងចាត់វិធានការបង្កាទប់ស្កាត់ត្រៀមប្រើប្រាស់បច្ចេកទេស គ្រប់មធ្យោបាយដូចជា៖ ទូក ការណូត និងសម្ភារបម្រើការងារពាក់ព័ន្ធមួយចំនួនទៀត ក្នុងការប្រមូលគៀររាល់ដុំប្លោកតូចធំទាំងឡាយ នៅលើផ្ទៃដងទន្លេសាប ចាប់ពីគល់ស្ពានជ្រោយចង្វារ មកខាងជើង រហូតដល់គល់ស្ពានព្រែកព្នៅ (អតីតស្ពានឧកញ៉ាលីយ៉ុងផាត់) ដើម្បីកុំឲ្យលំហូរចូលទៅកាន់ខាងមុខព្រះបរមរាជវាំង ដែលអាចបង្កការ រំខានដល់ព្រះរាជពិធីប្រលងប្រណាំងទូកង «បុណ្យអ៊ំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» និងប្រប្រត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។
លោក ជា ពិសី បានថ្លែងថា ក្រោយពីទទួលបានផែនការភ្លាមៗពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាប់ផ្ដើមប្រតិបត្តិការ អនុវត្តសាកល្បង សិក្សាពីបរិមាណ និងល្បឿនទឹកហូរក្នុងការរិះរកគ្រប់មធ្យោបាយទប់ស្កាត់ដុំកំប្លោកតូចធំទាំងឡាយមិន ឲ្យហូរចូលទៅកាន់ ខាងមុខព្រះបរមរាជវាំង ដែលអាចបង្កការរំខានដល់ព្រះរាជពិធីបុណ្យអ៊ំទូក ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់គល់ស្ពានជ្រោយចង្វារ កាលពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ «ពោល គឺអនុវត្តរហូតដល់ថ្ងៃឆ្លងនៃព្រះរាជពិធីបុណ្យអ៊ំទូក» ដោយមានសមាសភាព ចូលរួមពី លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញចំណុះ ជុំវិញខណ្ឌជាច្រើននាក់ផងដែរ។
លោក ជា ពិសី បានបន្តថា បើរាប់គិតចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ខាងមុខព្រះបរមរាជវាំងមានចម្ងាយប្រមាណជា១៤គីឡូម៉ែត្រ ឯណោះ បន្ទាប់ពីអនុវត្តជាក់ស្ដែងតាមការសិក្សាពីបរិមាណ និងល្បឿនទឹកហូរនាំយកកំប្លោកលើផ្ទៃដងទន្លេសាប កាលពីឆ្នាំកន្លងទៅបានប្រើរយៈ ពេល១៣ម៉ោង ទៅ១៦ម៉ោង ដោយត្រូវត្រៀមកម្លាំងជាប់ជានិច្ច ក្នុងការចុះស្រង់ដុំកំប្លោកចាប់ពីម៉ោង៤ទៀបភ្លឺ ដល់ម៉ោង៦ល្ងាច តែបើក្នុងករណីទំហំ នៃបរិមាណដុំកំប្លោកហូរធ្លាក់មកច្រើនខុសពីធម្មតា ចាំបាច់ទាមទារឱ្យមានសហការពី អាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅ ដែលអាចប្រើប្រាស់បច្ចេកទេសជាទូក កាណូត ពិសេសខ្សែពួរ ត្រូវចងប្រទាក់ក្រឡាផ្អោបភ្ជាប់ប៊ីដុង៣០លីត្រ ដើម្បីគៀងគៀរដុំកំប្លោកបញ្ចូល ទៅតាមព្រែក ឬគៀងគៀរអែបមកមាត់ច្រាំងទន្លេសាបបាន ទើបអាចធ្វើឱ្យព្រះរាជពិធីបុណ្យ «អ៊ំទូក សំពះព្រះខែ អកអំបុក និងបណ្ដែតប្រទីប» ប្រប្រត្តទៅដោយរលូន និងគ្មានការរំខានពីដុំកំប្លោក៕