(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ KMH Champions League 2017 អមដោយប្រាក់រង្វាន់សរុបជាង ១០០លានរៀល បានបើកការប្រកួតរដូវកាលទី៣ ជាផ្លូវការហើយ ខណៈក្រុមរបស់ស្ថាបនិកពាន គឺក្រុម ISI GROUP United បានវាយបកស្មើក្រុមដូនពេញអែហ្វស៊ី ដែលជាក្រុមជើងឯករងឆ្នាំចាស់ ជាមួយនឹងលទ្ធផល ៣-៣ ក្នុងជំនួបដំបូងក្នុងពូល A លើទីលាន KMH កាលពីល្ងាចមិញ។
សម្រាប់ប្រកួតទី១ ក្នុងចំណោម ២៥៤ប្រកួតនៃព្រឹត្តិការណ៍ទាំងមូលនេះ ក្រុមដូនពេញ បានបំបែកពងមាន់ ២គ្រាប់មុន ដោយកីឡាករ ព្រំ ពុទ្ធសិទ្ធី និង សុខ គន់គី ក្នុងរយៈ ១៦នាទីដំបូង។ បន្ទាប់មកទើបក្រុម ISI GROUP United របស់លោក កាំង សេន ដែលជាម្ចាស់ពាន បានវាយបកនាំមុខវិញ ៣-២ ដែលធ្វើបានសម្រេចដោយកីឡាករ លី អារីហ្វីន, ឆេង សុភ័ក្រ និងកីឡាករ Blessing នៅនាទី៣៩, ៧៥ និងនាទី៨៥។
លទ្ធផលនាំមុខនេះ ស្ទើរតែជួយឲ្យក្រុម ISI GROUP United ទទួលបាន ៣ពិន្ទុទៅហើយ តែត្រូវរលាយទៅវិញ បន្ទាប់ពីកីឡាករក្រុមដូនពេញ បន្ថែម ១គ្រាប់ទៀត នៅនាទីទី៩០+៤ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ៣-៣ តែម្ដង។ ដោយនៅថ្ងៃជាមួយគ្នានោះ ក្រុម HPL វិញ បានលត់ក្រុមយុវជនខេត្តកំពង់ចាម ៦-១ ដើម្បីទទួលបាន ៣ពិន្ទុឈរកំពូលតារាងពូល A មុនគេ។
ថ្លែងក្នុងពិធីបើកការប្រកួតរដូវកាលថ្មីនោះដែរ លោក កាំង សេន ប្រធានមូលនិធិបាល់ទាត់ KMH បានបញ្ជាក់ជាថ្មីថា ឆ្នាំនេះមាន ៣២ក្រុមចូលរួម ហើយបែងចែកជា ៤ពូល (១ពូល មាន៨ក្រុម) ដើម្បីធ្វើការប្រកួតជម្រុះរកក្រុមជើងខ្លាំងឡើងវគ្គបន្ដ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានប្រកួតសរុប ២៥៤ប្រកួត។ ចំពោះគោលបំណងសំខាន់នៃពានពាក់កណ្ដាលអាជីពដ៏ធំនេះ គឺដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ក៏ដូជាផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការអភិវឌ្ឍទេពកោសល្យ ក៏ដូចជាបង្ហាញសមត្ថភាពរបស់ខ្លួន និងប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់សង្គមផងដែរ។
ដោយឡែកប្រាក់រង្វាន់ជយលាភីរដូវកាលទី៣នេះ បានការកើតឡើងច្រើនជាងឆ្នាំមុន ពោលគឺក្រុមលេខ១ ទទួលបាន ៤៨លានរៀល, ក្រុមលេខ២ ទទួលបាន ២៤លានរៀល, ក្រុមលេខ៣ ទទួលបាន ១២លានរៀល និងក្រុមលេខ៤ ទទួលបាន ៦លានរៀល។ លើសពីនេះ ចំពោះក្រុមធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយក៏ទទួលបានប្រាក់រង្វាន់ ២លាន និង ៤សែនរៀន និងក្រុមធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ១លាន ២សែនរៀលទៀតផង៕