(ត្បូងឃ្មុំ)៖ យើងមានសិទ្ធិសេរីភាព គ្រប់បែបយ៉ាងទាំងជំនឿសាសនា ទាំងការប្រតិបត្តិផ្សេងៗ ដូចសព្វថ្ងៃនេះគឺដោយសារស្រុកមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការលើកឡើងរបស់លោកឧកញ៉ា លី វាសនា ក្នុងឱកាសដែលលោក និងលោកស្រី ម៉ាន ម៉ារីយ៉ាន ប្រធានអង្គការ វាសនាម៉ារីយ៉ាអភិវឌ្ឍន៏ដល់ជនក្រីក្រ អញ្ជើញជាអធិបតីក្នុងពិធីបិតការប្រគួតកីឡាបាល់ទាត់ក្របខណ្ឌមហាជនបងប្អូនខ្មែរឥស្លាម ទូទាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនៅភូមិវិហារសំបូរ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ។
លោកឧកញ៉ា លីវាសនា បានលើកឡើងថាការលេងកីឡាមិនត្រឹមតែដើម្បីសុខភាព សាមគ្គីភាព ប៉ុណ្ណោះទេតែវាថែមទាំងដើម្បីលើកមុខលើកមាត់ភូមិ និងកិត្តិយសខ្លួនឯងផ្ទាល់ថែមទៀតផង ដូច្នេះសូមឲ្យបងប្អូនទាំងអស់រួមសាមគ្គីគ្នាកុំមានកាថ្នាំងថ្នាក់ពេលប៉ះទង្គិចគ្នាព្រោះមិនអាចជៀសផុតនោះទេពេលប្រគួតគ្នា និងបានផ្តាំផ្ញើអោយកីឡាកទាំងអស់គ្នាត្រូវខិតខំហ្វឹកហាត់ អភិវឌ្ឍនខ្លួនក្នុងវិស័យកីឡាបាល់ទាត់នេះដើម្បីអាចឈានទៅក្នុងការប្រកួតលំដាប់ ខេត្ត លំដាប់ប្រទេស និង លំដាប់អន្តរជាតិ ដើម្បីជាមុខមាត់ដល់ប្រទេសកម្ពុជាផងដែរ ។
ជាមួយគ្នានោះលោកឧកញ៉ាក៏បានលើកឡើងដែថាបងប្អូនខ្មែរឥស្លាមនៅទូទាំងប្រទេសកម្ពុជាត្រូវបានផ្តល់សិទ្ធិគ្រប់បែបយ៉ាងទាំងជំនឿសាសនា ការប្រតិបត្តិផ្សេងៗ ពិសេសការចូលរួមគ្រប់សកម្មភាពក្នុងសង្គមត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយពេលខ្លះការយកចិត្តទុកដាក់របស់សម្តេច គឺជាពិសេសថែមទៀតផង។
លោកបន្តថា ជាការតបស្នងសូមបងប្អូនខ្មែរឥស្លាមទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ការពាររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រសម្តេចតេជោជានាយករដ្ឋមន្ត្រីបន្តទៀត ដោយកុំចាញ់ឧបាយកលញុះញ៉ុងរបស់ជនអគតិមួយចំនួន ដែលព្យាយាមបំផ្លាញសុខសន្តិភាពប្រទេសជាតិយើងទាំងមូល។
សូមជម្រាបថា ការប្រគួតកីឡាបាល់ទាត់ខាងលើនេះគឺបានធ្វើឡើងជាច្រើនថ្ងៃដោយជាលទ្ធផលជ័យលាបភីបានទៅលើក្រុមបាល់ទាត់មកពីភូមិ វាលឃ្មុំ និងលេខ២បានទៅលើភូមិវិហារសំបូរ ដែលជាម្ចាស់ផ្ទះ។ ក្នុងនោះដើម្បីជាការលើកទឹកចិត្តលោកឧកញ៉ា លីវាសនា និងលោកស្រី ម៉ានម៉ារីយ៉ាន បានផ្តល់រង្វាន់ជាថវិការបន្ថែមលើពានដោយក្រុមលេខ១បាន១លានរៀល ក្រុមលេខ២បាន៥០ម៉ឺនរៀល ក្រុមលេខ៣ចំនួន២០ម៉ឺនរៀល និងក្រុមលេខ៤។ចំនួន១៥ម៉ឺនរៀល និងថវិកាមួយចំនួនដល់គណៈកម្មការៀបចំការប្រកួត៕