(ស្វាយរៀង)៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះថា ប្រជាពលរដ្ឋចំនួន៣៦នាក់ រស់នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទីដែលរកឃើញគ្រាប់បែកគីមីយ៉ាងច្រើនសម្បើមនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនៅឡើយ ក្រោយរកឃើញមានបញ្ហាសុខភាពរមាស់លើរាងកាយ សង្ស័យប៉ះពាល់ដោយសារសារធាតុគីមីរបស់គ្រាប់បែកអាមេរិក។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា មកដល់ពេលនេះ រាប់ទាំងប្រជាពលរដ្ឋចំនួន៣៦នាក់ខាងលើ ឃើញថា ពលរដ្ឋឃុំគគីរដែលមានបញ្ហាសុខភាពកើនឡើងដល់១១៧នាក់ហើយ ដែលភាគច្រើនមានបញ្ហារមាស់លើរាងកាយខណៈចំនួនតិចតួចប៉ុណ្ណោះមានរោគផ្សេង ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
លោកវេជ្ជបណ្ឌិតថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ អ្នកជំងឺឃុំគគីរ ពុំមានករណីថ្មីចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀងទេ និងមិនមានអ្នកចេញដែរ សរុប៣៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ»។
គ្រាប់បែកគីមីចំនួន១៥កន្លែងទៀត ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់រកឃើញ នៅក្នុងភូមិសាស្ត្រឃុំគគីរ និងឃុំជាប់នោះ ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺចាប់បំផុតនោះ គឺស្ថានទូតសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។
ភ្លាមៗបន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោលសម្ដីដ៏ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីជំនាញរបស់អាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ ចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនោះដោយផ្ទាល់ ហើយបើមិនជឿទៀតនោះ អាចយកដៃកាន់ និងហិតលេងក៏បាន។
ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែរក្សាតំបន់សុវត្ថិភាព ស្លាកសញ្ញាសំគាល់គ្រោះថ្នាក់ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ ចៀសវាងដាច់ខាត ទៅគាល់កកាយដោយយល់ថា គ្មានគ្រោះថ្នាក់ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក ព្រោះជាក់ស្តែងមន្ត្រីស៊ីម៉ាក់ គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពង រមាស់ពេញដៃ។
នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News កាលយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ ជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents។
នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។
លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា Blister agents គឺស្ថិតនៅក្នុងតារាងទី១ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ៕