(តាកែវ)៖ ខណៈសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ឃុំ-សង្កាត់ នៅតាមបណ្ដាខេត្តមួយចំនួន បន្តចាកចេញពីគណបក្សសង្គ្រោះជាតិទាំងគ្មានអាល័យនោះ សមាជិក្រុមប្រឹក្សាឃុំម្នាក់ និងជំទប់ឃុំម្នាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ បានបន្តចាកចេញពីគណបក្សដែលសល់តែដង្ហើមចុងក្រោយនេះ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
ដើម្បីទទួលស្វាគមន៍សមាជិកថ្មីទាំងពីររូបខាងលើ លោក សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានអញ្ជើញចុះទៅទទួលដល់មូលដ្ឋានយ៉ាងពេញចិត្ត ជាមួយការណែនាំឲ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋបន្តទៀតផងដែរ។
ការទទួលស្វាគមន៍នេះ ធ្វើឡើងនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះតែម្ដង ពោលក្នុងឱកាសដែលលោក សុខ សូកាន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែង១០គីឡូម៉ែត្រ ដែលតភ្ជាប់ភូមិចំនួន៤ រួមមាន ភូមិដោម ភូមិគ្រាំងទ្រមូង ភូមិជាវប្តីខាងលិច និងភូមិជាវប្តីខាងកើត ស្ថិតនៅក្នុងឃុំតាអូរ។
សមាជិកគណបក្សប្រជាជនថ្មីទាំងពីររូបខាងលើ រួមមាន៖ លោក សុខ លេង ជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំតាអូរ មកពីគណបក្សសង្គ្រោះជាតិ និងលោក តាក ឈៀន សមាជិកក្រុមប្រឹក្សាឃុំព្រះបាទជាន់ជុំ មកពីគណបក្សសង្គ្រោះជាតិ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការប្រកាសស្វាគមន៍ និងទទួលយ៉ាងពេញចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះអ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលស្ម័គ្រចិត្តលាលែងចេញពីគណបក្សសង្គ្រោះជាតិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំតាអូរ ដែលបានចំណាយថវិកាប្រមាណជាង ៤ម៉ឺនដុល្លាអាមេរិច ជួសជុលផ្លូវលំ១ខ្សែនេះ តាមរយៈលោក ចន វណ្ណៈ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាអូរ លោក ឈឹម សៅគី និងលោក ទូច ថារិទ្ធិ ជាអនុប្រធាន។
លោក សុខ សូកាន បានថ្លែងថា ផ្លូវនេះនឹងរួមចំណែកជួយសម្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើរ ព្រមទាំងការចំណាយមួយចំនួន ដែលនាំឱ្យឈានដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅក្នុងឃុំតាអូរ។
លោកបានរំឭកពីសមិទ្ធផល កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់សម្ដេចវិបុលបញ្ញា សុខ អាន កន្លងមក និងបានលើកអំពីសកម្មភាពការងារសំខាន់ៗ របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ ដែលបាននិងកំពុងធ្វើក្នុងពេលបច្ចុប្បន្ន ដូចជា ការចុះសួរសុខទុក្ខ ស្តាប់និងដោះស្រាយកង្វល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ការជំរុញការងាររបស់សហគមន៍កសិកម្ម និងសមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ ជាដើម។
ទន្ទឹមនឹងនេះ លោកក៏បានជម្រាបប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលក្នុងនោះរួមមានករណីចាប់ខ្លួន លោក កឹម សុខា ពីបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសក្បត់ជាតិ មានចែង និងផ្តន្ទាទោសតាមបទបញ្ញតិ្តមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កន្លងមក គឺពិតជាបានរំលោភបំពានលើមាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ហើយតាមមាត្រា៤៤ នៃច្បាប់នេះ គណបក្សសង្រ្គោះជាតិត្រូវតែរំលាយ។ ចំណាត់ការនៃករណីទាំងពីរខាងលើនេះ ត្រូវបានអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ ការពារសន្ដិភាព និងអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល។
ក្នុងកិច្ចសំណេះសំណាលនោះ លោក សុខ សូកាន បានឧបត្ថម្ភថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ ហើយបានឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាចំនួន៦ អនុវិទ្យាល័យចំនួន១ និងមណ្ឌលសុខភាពចំនួន១ សរុបចំនួន ៥,៣៦០,០០០រៀល៕