(កំពង់ចាម)៖ កម្លាំង​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាធាយ បានបើកប្រតិបត្តិការបង្ក្រាបករណី​ជួញដូរគ្រឿងញៀន នៅចំណុចភូមិជេីងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបង្ក្រាបនេះដោយប្រេីវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា រិទ្ធី អាយុ១៩ឆ្នាំ ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន០១កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។

ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យ មានមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនទូរស័ព្ទមករកទិញថ្នាំញៀនសមត្ថកិច្ច បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ទៀត ទី១៖ ឈ្មោះ អឿន ណៃ​ អាយុ១៩ឆ្នាំ, ទី២ ឈ្មោះ សេង បួនសាល អាយុ២០ឆ្នាំ​ និងទី៣៖ ឈ្មោះ​ នួន សង្ហា អាយុ២៥ឆ្នាំ​
ដកហូតវត្ថុតាង​ ម៉ូតូ០២គ្រឿង ទូរស័ព្ទដៃ០២គ្រឿង និងប្រាក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដ៕