(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរាត្រីម៉ោង៩៖០០នាទីថ្ងៃទី២៩ តុលានេះ បាននឹងកំពុងដឹកនាំមន្ត្រី មន្ទីរជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤ ម្តុំវិទ្យាល័យជម្ពូវ័ន្តស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញអោយការដ្ឋាននេះដំណើរការបានលឿន និងមានគុណភាពស្របទៅតាមស្តង់ដាបច្ចេកទេស ។
ការបើកការដ្ឋានជួសជុលដោយអ៊ុតកៅស៊ូផ្លូវជាតិលេខ ៤នេះធ្វើឡើង តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលបានជំរុញអោយក្រុមហ៊ុន ក៏ដូចជាមន្ទីរសាធារណៈរាជធានីភ្នំពេញ ពន្លឿនការជួយជុលអោយបានមុនព្រះរាជពិធីបុណ្យអុំទូកមក ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការដ្ឋានអ៊ុតកៅស៊ូផ្លូវជាតិលេខ៤កំណាត់កាលទី១នេះ បានចាប់ផ្តើមឡើងកាលយប់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៧ ដែលមានប្រវែង ១៧៥០ម៉ែត្រ ទទឹង ២២ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ។
ដោយឡែក កំណាត់ទី២ ប្រវែង ៥៩៥០ម៉ែត្រ ទទឹង ១៨ម៉ែត្រ ចាប់ពីផ្លូវកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាល ក្រសួងសាធារណការនិងដឹកជញ្ជូនក៏កំពុងស្ថាបនាគ្រឹះផងដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤តុលាកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាលនិងតំណាងក្រសួងសាធារណការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំមួយ ដើម្បីបែងចែកការងារគ្នា លើការជួសជុលផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ឡើងវិញ តបទៅតាមបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកំណាត់ផ្លូវនេះមានការខូចខាតមួយចំនួននិងបង្កអោយមានការកកស្ទះចរាចរផងដែរនោះ។
ការបើកអោយមានកិច្ចប្រជុំនោះឡើង ក្នុងគោលបំណងដើម្បីបែងចែកគ្នាអោយដាច់រវាងកំណាត់ផ្លូវនេះ ថាតើចំណុចណាដល់ចំណុចណាដែលក្រសួងទទួលខុសត្រូវ ក្នុងការជួសជុល ហើយចំណុចណាដែលខាងអាជ្ញាធររាជធានីភ្នំពេញជាទទួលខុសត្រូវ ក្នុងការជួសជុល ដោយសារកន្លងមកនេះ ការបែងចែកគ្នាមិនច្បាស់ធ្វើអោយការជួលជុលមានការយឺតយ៉ាវនិងអូសបន្លាយពេលវេលា ធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយក្នុងកិច្ចប្រជុំកាលណោះបានសម្រេចយ៉ាងច្បាស់លាស់ហើយ ពោលគឺ លើផ្លូវសហព័ន្ធរុស្សីនិងផ្លូវជាតិលេខ៤ដែលគ្រោងនឹងធ្វើការជួសជុលឡើងវិញ ប្រវែងប្រមាណ២០គីឡូម៉ែត្រ រដ្ឋបាលរាជធានីភ្នំពេញទទួលការជួសជុលពីស្តុបបេកាសេ (ស្តុបអគារការណាឌីយ៉ា) រហូតដល់ស្តុបកប់ស្រូវ មានប្រវែងជាង១៩គីឡូម៉ែត្រ ចំណែកក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកទទួលខុសត្រូវជួសជុលផ្លូវជាតិលេខ៤ ចាប់ផ្តើមពីស្តុបកប់ស្រូវដល់ព្រំប្រទល់ខេត្តកណ្តាលដែលមាន៧៧០ម៉ែត្រ៕