(ថៃ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជំរុញដល់ក្រុមការងាររបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវខិតខំបង្កើនផលិតភាពការងារជូនពលករខ្មែរបន្ថែមទៀត ខណៈការផ្ដល់ភាពស្របច្បាប់នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានការសាទរយ៉ាងខ្លាំងពីពលករខ្មែរនៅទីនោះ។
ការណែនាំទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានទទួលដោះស្រាយនូវសំណូមពរ និងជំរុញក្រុមការងារទាំងអស់ ត្រូវបង្កើនការផ្តល់សេវាជូនពលករដែលបានមកបើកផ្តល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) និងពលករដែលមកស្នើសុំបញ្ជាក់អត្តសញ្ញាណ ពីក្រុមការងារអន្តរក្រសួងចល័តទាំង៣ការិយាល័យ នៅទីក្រុងបាងកក ខេត្តរ៉ាក់យ៉ង និងខេត្តសុងក្លា ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
លោករដ្ឋមន្ត្រីក៏បានផ្តល់ការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់មន្ត្រីមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមក បានខិតខំបំពេញការងារ ជាពិសេសក្នុងយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនពលករកម្ពុជា ដែលទើបនឹងចាប់ផ្តើមនាពេលថ្មីៗនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ។
លោកបានបញ្ជាក់ថា នេះគឺជាជំហាន និងជាជោគជ័យថ្មីមួយទៀត សម្រាប់ការជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕