(ពោធិ៍សាត់)៖ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ បានឯកភាពគ្នាផ្តួចផ្តើម ធ្វើបុណ្យកឋិនទានសមាគមមួយ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ប្រមូលបច្ច័យបានជាង១០០លានរៀល ក្នុងនោះសម្រាប់កសាងសមិទ្ធផល ក្នុងវត្តពោធិ៍មានបុណ្យ ៣៥លានរៀល ក្រៅពីនោះបែងចែកទៅវត្តអត្តខាត់នានា នៅក្នុងខេត្តបន្តទៀត។
បុណ្យកឋិនទានសមាគម របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រារព្ធធ្វើនៅស្នាក់ការគណបក្សខេត្ត នាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីជួបជុំឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ដើមទាន ប្រធានដើមបុណ្យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបានធ្វើពិធីនមស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ព្រះធម៌ទេសនា ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។
យោងតាមរបាយការណ៍របស់គណៈកម្មការវត្តបានឱ្យដឹងថា ឆ្នាំនេះវត្តពោធិ៍មានបុណ្យ ទទួលបានបច្ច័យជាង៨៣លានរៀល និងជាង៣ពាន់ដុល្លារអាមេរិក ក្នុងនោះកឋិនទាន ក្រោមការផ្តួចផ្តើមឡើងដោយ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី បានបច្ច័យចំនួន៣៥លានរៀល, លោក សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការ និងលោកស្រី បានបច្ច័យចំនួន១៦លានរៀល, ឧបាសក នរៈ មេត្តា និងឧបាសិកា ឌួង គុយអេង ព្រមទាំងបុត្រ និងបងប្អូននៅភ្នំពេញ បានបច្ច័យជាង១៣លានរៀល និងជាង៣ពាន់ដុល្លារអាមេរិក និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនោះមានភូមិដង្គៀបក្តាម ភូមិកំពែងស្វាយ ភូមិស្វាយអាត់ ភូមិជុំរុំសៀម និងបូជនីដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានបច្ច័យចំនួន១៩លានរៀល។
លោកបានឱ្យដឹងទៀតថា បច្ច័យទាំងនេះទាំងព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តពោធិ៍មានបុណ្យ សម្រាប់យកមកចាក់សាបខឿន ព្រះវិហារផង និងកសាងសាលាឆាន់ផង។
លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ បងប្អូនអាជីវករ និងពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត បានចូលរួមចាប់មគ្គផលបុណ្យកឋិនទាន សមាគមរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងកឋិនទានមកពីភ្នំពេញ និងចំណុះជើងវត្ត ព្រមទាំងសូមអនុមោទនា ទទួលយកនូវអានិសង្សតាមកម្លាំងជ្រះថ្លាររៀងៗខ្លួន។
ទាំងនេះបញ្ជាក់ឱ្យឃើញ ពីកម្លាំងមហាសាមគ្គី នៅក្នុងវិស័យព្រះពុទ្ធសាសនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផល ដែលកើតមាន សព្វថ្ងៃ បានគង់វង្សយូរអង្វែងតទៅទៀត៕