(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនចរាចរណ៍ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកពន្យល់បន្ថែម ពីករណីយុវជនឈាមរាវម្នាក់ ដែលមានអាកប្បកិរិយាមិនសមរម្យ និងឌឺដងឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ បន្ទាប់ពីយុវជនរូបនោះ មិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវសមត្ថកិច្ចឃាត់ ប៉ុន្តែរូបគេបែបជាបញ្ចេញចរិកមិនល្អ ដោយធាក់ម៉ូតូខ្លួនឯងផ្តួល ឌឺដងឲ្យសមត្ថកិច្ចទៅវិញ។
លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា ករណីនេះឡើងតាំងពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧មកម៉្លេះ ដោយមន្ត្រីនគរបាលចរាចរណ៍របស់លោក បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ នៅចំណុចផ្លូវលេខ៣៦ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ក៏មានយុវជនម្នាក់ រួមនឹងមិត្តភក្តិរបស់គេ បើម៉ូតូដោយគ្មានពាក់មួក គ្មានស្លាកលេខ និងគ្មានកញ្ចក់បើកមកដល់ គោលដៅរបស់សមត្ថកិច្ច ពេលនោះសមត្ថកិច្ចបានឃាត់ ប៉ុន្តែយុវជនរូបនោះ មិនបានបន្ថយល្បឿនឡើយ គឺបើកបន្ថែមល្បឿនទៅមុខ បំណងគេចពីសមត្ថកិច្ចថែមទៀត ប៉ុន្តែមិនអាចគេចរួច។
ឆ្លើយតបនឹងការលើកឡើង របស់ម្តាយយុវជននោះ ដែលថាសមត្ថកិច្ចចរាចរណ៍វាយកូនរបស់គាត់ ស្នងការរងរូបនេះ បានអះអាងថា ក្នុងការឃាត់យុវជនល្មើសច្បាប់នោះ គឺសមត្ថកិច្ចមិនបានវាយដំ លើយុវជននោះឡើយ ប៉ុន្តែយុវជននោះមិនព្រម ទទួលស្គាល់កំហុសរបស់ខ្លួនឡើយ ថែមទាំងច្រានសមត្ថកិច្ច និងឌឺដងឲ្យសមត្ថកិច្ចថែមទៀត។
លោកបន្តថា ករណីនេះមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជាយុវជនល្មើសច្បាប់ចរាចរណ៍នោះ ត្រូវបានអនុញ្ញាតឲ្យ ត្រឡប់ទៅផ្ទះវិញក្តី ប៉ុន្តែម៉ូតូរបស់គេ ត្រូវបានឃាត់ទុកនៅការិយាល័យនគរបាលនៅឡើយ ដោយរង់ចាំការអញ្ជើញមកដោះស្រាយនៅពេលខាងមុខ។
គួររំលឹកថា វីដេអូស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ លើយុវជនម្នាក់ នៅខេត្តសៀមរាប ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook ត្រូវបានគេ Share តៗគ្នាដែល មហាជនរិះគន់យ៉ាងខ្លាំង ចំពោះទង្វើមិនសមរម្យរបស់យុវជនរូបនេះ ដោយមិនគោរពច្បាប់ចរាចរណ៍ហើយ ថែមទាំងបញ្ចេញចរិកឈ្លើយ ដាក់សមត្ថកិច្ចថែមទៀត។
ជុំវិញបញ្ហានេះ ម្ដាយយុវជនម្នាក់ ដែលបានធាក់ម៉ូតូខ្លួនឯងផ្ដួល ដើម្បីឌឺមន្ដ្រីនគរបាលចរាចរណ៍ ក្រោយចាប់ខ្លួនផាកពិន័យនោះ ចេញមុខបកស្រាយដោយទទួលស្គាល់កំហុសរបស់កូន ប៉ុន្ដែក៏ទាមទារឲ្យមន្ដ្រីនគរបាលចរាចរណ៍ ទទួលស្គាល់កំហុសដូចគ្នា ដោយគាត់បានអះអាងថា មន្ដ្រីនគរបាលនោះបានវាយទៅលើកូនប្រុសរបស់គាត់មុន។
តាមរយៈអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ម្ដាយយុវជនរូបនោះ ដែលមានទីលំនៅក្នុងខេត្តសៀមរាប បានអះអាងថា គាត់ទទួលស្គាល់នូវកំហុសកូនរបស់ខ្លួន ប៉ុន្ដែមុនឈានដល់ការធាក់ម៉ូតូផ្ដូលនោះ មន្ដ្រីនគរបាលចរាចរណ៍ បានប្រើអំពើហិង្សាដោយវាយមកលើកូនរបស់គាត់ ទើបបណ្ដាលឲ្យកូនគាត់ទប់កំហឹងមិនបាន។
ក្រៅពីការរៀបរាប់បែបនេះ ស្ដ្រីជាម្ដាយរូបនេះ បន្ថែមថា គាត់ចង់ឲ្យមន្ដ្រីនគរបាលចរាចរណ៍ ដែលបានប្រើអំពើហិង្សាដាក់កូនរបស់គាត់ ចេញមកទទួលនូវអ្វីដែលខ្លួនបានប្រព្រឹត្ត ខណៈដែលគាត់ខុសចិត្តទទួលកំហុសគ្នាបែបនេះ។
បើតាមស្ដ្រីរូបនេះ គាត់បានដាក់ពាក្យបណ្ដឹង ទៅថ្នាក់ដឹកនាំមន្ដ្រីនគរបាលចរាចរណ៍ នៅខេត្តសៀមរាបរួចរាល់ហើយដែរ និងស្នើសុំឲ្យថ្នាក់ដឹកនាំនគរបាលខេត្ត រកយុត្តិធម៌ជូនកូនគាត់ដូចគ្នាដែរ៕