(បាត់ដំបង)៖ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទថា បើប្រទេសជាតិគ្មានសន្តិភាព គ្មានស្ថិរភាពទេ ប្រជាពុទ្ធបរិស័ទក៏គ្មានឱកាសបានធ្វើបុណ្យកឋិនទាន និងពិធីបុណ្យផ្សេងទៀតបានដែរ ដូច្នេះសន្តិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះ ត្រូវតែរួមគ្នាថែរក្សាការពារឲ្យខាងតែបាន។
អ្នកតំណាងរាស្ត្រ ឡោក ហ៊ួរ ដង្ហែ ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំសហការី រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទៅពីរាជធានីភ្នំពេញ ដង្ហែអង្គកឋិនទានមហាសាមគ្គី ដើម្បីប្រគេនព្រះសង្ឃនៅវត្តពោធិ៍លង្កា ហៅវត្តដំណាក់រទេះ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ស្ថិតនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
លោក ឡោក ហ៊ួរ បានបញ្ជាក់ថា បុណ្យកឋិនទាននេះ ក្រុមការងារតែងតែបានចូលរួមធ្វើជារៀងរាល់ឆ្នាំ នៅតាមវត្តនានាក្នុងស្រុកសង្កែនេះ ដោយសារតែប្រទេសជាតិជ្រោកក្រោមម្លប់សន្តិភាព មានស្ថិរភាពពេញលេញ មានការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យ អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោកតំណាងរាស្រ្ត បានរៀបរាប់ប្រាប់ប្រជាពលរដ្ឋពីស្ថានភាពនយោបាយជាតិ និងអន្តរជាតិថ្មីៗ និងប្រាប់មិនឲ្យប្រជាពលរដ្ឋជឿតាមការឃោសនារបស់សកម្មគណបក្សសង្គ្រោះជាតិ នាំគ្នាទៅធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈបក្សនេះកំពុងឈានទៅរកការលាយបក្សទាំងមូល ដោយសារអំពើក្បត់ជាតិរបស់មេដឹកនាំបក្ស គឺលោក សម រង្សី និងលោក កឹម សុខា។
សូមបញ្ជាក់ថា បច្ច័យក្នុងអង្គកឋិនទានសាមគ្គីនេះ បានប្រមូលបានជាង២២លានរៀល ក្នុងនោះអ្នកតំណាងរាស្រ្តលោក ឡោក ហ៊ួរ បានចូលបច្ច័យចំនួន ១ពាន់ដុល្លាផងដែរ បច្ច័យដែលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធទាំងអស់នាថ្ងៃនេះ បានវេរប្រគេនព្រះសង្ឃទុកសម្រាប់ចាត់ចែង និងកសាងវត្តបន្ថែមទៀត។
បន្ទាប់មក លោកប្រធានបានដឹកនាំក្រុមការងារចុះពិនិត្យផ្លូវកំពុងធ្វើ និងជួសជុលចំនួន១កន្លែង ប្រវែង៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិវត្តចាស់ ឃុំកំពង់ព្រៀង ស្រុកសង្កែ បំពេញតាមការស្នើសុំរបស់ប្រជាពលរដ្ឋសម្រាប់ដឹកស្រូវអង្ករ៕