(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការអាជ្ញាធរមីន បានផ្ញើលិខិតផ្លូវការមួយជូនចំពោះ លោក Willam A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយសម្តែងការសោកស្តាយ និងរង្គៀសចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកថា គ្រាប់បែកនៅខេត្តស្វាយរៀង គ្រាន់តែឧស្ម័នបង្ហៀរទឹកភ្នែក​។

យោងតាមលិខិតរបស់អាជ្ញាធរមីនដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ បានដកស្រង់សំដីរបស់លោក លី ធុជ ថា «យើងខ្ញុំមានការសោកស្តាយ និងរង្គៀសចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់ស្ថានទូត ដែលបានបង្ហាញការមើលស្រាល និងខ្វះការវាយតម្លៃលម្អិត ចំពោះភាពធ្ងន់ធ្ងរ នៃផលប៉ះពាល់ យ៉ាងធំធេង ចំពោះសុខភាព ដែលបណ្តាលមកពីគ្រាប់បែកទាំងនោះ។ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ស្ថានទូត ប្រជាពលរដ្ឋកម្ពុជា ដែលមិនពេញចិត្ត និងសេចក្តីថ្លែងការណ៍ បានស្នើឲ្យស្ថានទូតសហរដ្ឋអាមេរិក គួរតែប្រមូល និងយកគ្រាប់បែកទាំងនោះ ទៅរក្សាទុកក្នុងស្ថានទូតអាមេរិក ដើម្បីបញ្ជាក់ថា គ្រាប់បែកទាំងនោះ គ្មានផលប៉ះពាល់ដល់សុខភាព»

លិខិតដដែលបានបន្ថែមថា ប្រជាពលរដ្ឋមួយចំនួន បានស្នើឲ្យតំណាងស្ថានទូតអាមេរិក មកស្រង់ក្លិនរបស់គ្រាប់បែកទាំងនោះ ដោយផ្ទាល់។ ថ្វីបើសំណើរបស់ពួកគាត់ ត្រូវបានធ្វើឡើង ដោយកំហិតក្តី ក៏ការស្នើឡើងនេះ ធ្វើឡើងដើម្បីរំលឹកដល់ប្រទេសមហាអំណាចដ៏អស្ចារ្យ ដូចជា សហរដ្ឋអាមេរិក ស្វែងយល់ពីស្ថានភាព និងជីវិត របស់ប្រជាពលរដ្ឋ ក្នុងប្រទេសតូចតាច និងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា មានសារៈសំខាន់ដូចគ្នា នឹងសុខភាព និងជីវិតរបស់ប្រជាពលរដ្ឋអាមេរិកដែរ៕

សូមអានលិខិតផ្លូវការរបស់អាជ្ញាធរមីន ផ្ញើជូនស្ថានទូត​អាមេរិក ដែលមានខ្លឹមសារលំអិតដូចខាងក្រោម៖