(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តហារ៉ាម និងមន្ត្រីរាជការខណ្ឌ នៅព្រឹកថ្ងៃទិ២៩ ខែតុលា ឆ្នាំ២០១៧ បានចុះសំណេះសំណាលជាមួយកីឡាករចំណុះទូកទាំង៤ របស់ខណ្ឌដង្កោ។
ទូងទាំង៤របស់ខណ្ឌដង្កោរួមមាន៖ ដង្កោសែនជ័យបារមីម៉ឺនត្រា, ៧មករាមហានាគរាជ, បាឡែនអ៊ិចប្រេស និងជំទាវស្រីម៉ៅហោសុទ្ធសែនជ័យ។
លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងណែនាំដល់កីឡាករទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ហូបចុក និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីដណ្តើមយកជ័យជម្នះ សម្រាប់ខណ្ឌដង្កោទាំងមូល និងបានឧបត្ថម្ភដល់កីឡាករចំណុះទូកទាំង០៤ មានចំនួន២២០នាក់ សរុបអង្ករ០១តោន ទឹកសុទ្ធ១៦០យួរ ត្រីខ១០០កំប៉ុង ទឹកក្រូច២០កេស ស្ករស៧០គីឡូក្រាម និងថិវកា៤លានរៀល។ ក្នុងនោះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានឧបត្ថម្ភអាវ និងមួកចំនួន២២០ផងដែរ។
ចំពោះការឧបត្ថម្ភរដ្ឋបាលខណ្ឌ នឹងបន្តធ្វើការឧបត្ថម្ភគាំទ្រ ទាំងថ្ងៃហ្វឹកហាត់ និងថ្ងៃប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល០៣ថ្ងៃបន្ថែមទៀត។
ក្នុងឱកាសនោះ លោកអភិបាលក៏បានធ្វើការថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានជួយគាំទ្រ និងឧបត្ថម្ភដល់ទូក «ង» ទាំង០៤របស់ខណ្ឌដង្កោ ដែលឆ្នាំកន្លងមកទទួលបានលទ្ធផលល្អ និងជាប់ចំណាត់ថ្នាក់លេខ១ ជាញឹកញាប់ ហើយនៅឆ្នាំនេះ នឹងបន្តជ័យជម្នះរបស់ខ្លួនបន្ថែមទៀត៕