(ភ្នំពេញ)៖ ក្នុងគម្រប់១៣ព្រះវស្សានៃការគ្រងព្រះបរមរាជសម្បត្តិ (២៩ តុលា២០០៤-២៩ តុលា ២០១៧) របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះអង្គបានធ្វេីឲ្យព្រះរាជាណាចក្រកម្ពុជាជួបតែសុខសន្តិភាព កេត្យានុភាពជាតិល្បីរន្ទឺលេីឆាកអន្តរជាតិ ជាពិសេសធ្វេីឲ្យជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រេីនឥតឈប់ឈរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Facebook  យ៉ាងដូច្នេះ «
ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអង្គ គឺបានជាឧត្តមប្រយោជន៍ជាតិជាច្រើន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ បានគ្រងព្រះបរមសិរីរាជសម្បត្តិប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ឈ្លាសវៃ និងព្រះរាជទសពិធរាជធម៌ ប្រទេសជាតិមានសេចក្តីសុខ សន្តិភាព អធិបតេយ្យ សាមគ្គីភាព ឯកភាពជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា កិត្យានុភាពជាតិបានល្បីល្បាញនៅលើសកលលោក ប្រជារាស្រ្តរួមរស់ជាមហាគ្រួសារ»។

ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឬក្សមង្គលថ្លៃថ្លាឧត្តុង្គឧត្តមនេះ សម្តេចតេជោ ហ៊ុន សែន  ក៏បានសូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទនកិច្ចក្រាបបង្គំសម្តែងថ្វាយនូវអំណរសាទររីករាយឥតឧបមា ព្រមទាំងសូមថ្វាយព្រះសព្ទសាធុការពរ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត។
ខ្មែរក្នុងជីវភាពរីកចម្រើនសម្បូណ៍សប្បាយឥតឈប់ឈរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមសម្តេចផ្ទាល់ និងតំណាងឲ្យពលរដ្ឋកម្ពុជា បានលំឱនកាយលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធដ៏មានបារមី នៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យសិរីសួស្តី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ និងសូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គយូរអង្វែងតទៅ។

សូមបញ្ជាក់ថាក្នុងគម្រប់ខួប១៣ព្រះវស្សា នៃការយាងគ្រងព្រះបរមរាជសម្បត្តិនេះ គេក៏ឃើញមានមន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការ នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរ និងថ្វាយព្រះពរព្រះមហាក្សត្រជាបន្តបន្ទាប់។ នៅតាមក្រសួងស្ថាប័ន និងបណ្តាខេត្តនានា មានការរៀបចំពិធីអបអរសាទរនិងថ្វាយព្រះពរព្រះមហាក្សត្រខ្មែរផងដែរ៕