(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា ព្រមទាំង លោក សេង គន្ធ, លោក កែវ សុភា, លោក ឃឹម ស៊ុនសូដា ដែលជាអភិបាលរងទាំង៣ និងមន្រ្តីសាលាខណ្ឌជាច្រើននាក់ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ក្រុមកីឡាករអុំទូក.ង របស់ខណ្ឌពោធិ៍សែនជ័យ ដែលមានទូកចំនួន៣គ្រឿង នៅទីតាំងសមប្រកួត នាភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលត្រៀមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក.ង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ។
លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ទូក.ង នៅក្នុងខណ្ឌពោធិ៍សែនជ័យ សំរាប់ចេញទៅប្រកួតថ្នាក់ជាតិឆ្នាំនេះមាន ទូកង ចំនួន៣គ្រឿង គឺ៖
ទី១៖ វត្តភ្នៀតសិម្ពលី «ខណ្ឌពោធិ៍សែនជ័យបារមីមានរិទ្ធិ»។
ទី២៖ វត្តពូនភ្នំ «នាគរាជពោធិ៍សែនជ័យ»។
ទី៣៖ វត្តទ្រនំជ្រឹង «ប្រជាការពារពោធិ៍សែនជ័យសុខាមានរិទ្ធិ»។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ក្រុមកីឡាករទូក.ង ទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ហើយអ្វីដែលសំខាន់ គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ នឹងនាំជ័យជំនះ មកជូនខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសព្រះរាជពិធីបុណ្យអំទូក។
លោក ហែម ដារិទ្ធិ បានបន្តទៀតថា បើក្រុមកីឡាករប្រកួតថ្នាក់ជាតិ ទទួលបានជ័យលាភីលេខ១ នឹងទទួលបានប្រាក់ឧបត្ថម្ភ១៥លានរៀលភ្លាមៗ។
លោកអភិបាលខណ្ឌ បាននាំយកអំណោយឧបត្ថម្ភដល់ក្រុមកីឡាករទាំង៣ក្រុម ដោយក្រុមទូកនីមួយៗទទួលបានរួមមាន៖ ថវិកា៨០ម៉ឺនរៀលក្នុងមួយថ្ងៃ សំរាប់ថ្លៃម្ហូបអាហារ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ភេជ្ជៈ ខោអាវកីឡាករទូក.ងជាង២០០កំប្លេរ និងអង្ករ២តោនផងដែរ៕