(ភ្នំពេញ)៖ អនុប្រធានគណបក្សសង្រ្គោះជាតិម្នាក់ទៀតគឺលោក ប៉ុល ហំម បានចេញមុខមកអះអាងថា បញ្ជីឈរឈ្នោះបោះឆ្នោតសមាជិកព្រឹទ្ធសភា គឺធ្វើឡើងដោយថ្នាក់ដឹកនាំសំខាន់ៗ និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ហើយអ្វីដែលពិសេសនោះគឺស្របតាមច្បាប់រប​ស់គណបក្សតែម្តង ព្រោះលោក កឹម សុខា នៅតែជាប្រធានគណបក្សអត់មានអ្នកណាសិទ្ធិ ចុះហត្ថលេខាជំនួសគាត់នោះទេ។

ការលើកឡើងរបស់លោក ប៉ុល ហំម បែបនេះហាក់កំពុងទាត់ចោលសម្តីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាទណ្ឌិតកំពុងរត់គេចពីសំណាញ់ច្បាប់ នៅក្រៅប្រទេស ដែលបានអះអាងតាមរយៈលិខិតសំងាត់មួយផ្ញើជូនលោក កឹម សុខា ថា មុននឹងចេញសេចក្តីសម្រេចសំខាន់ៗណាមួយលោក កឹម សុខា ត្រូវមានកុងសង់ស៊ីស (Consensus) ត្រូវមានការឯកភាព ពីមនុស្សសំខាន់ៗ៣រូបគឺ លោកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ជាពិសេសការជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោត ព្រឹទ្ធសភាខាងមុខនេះ។

ជុំវិញករណីបញ្ជីឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភានេះ, នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានសុំការបញ្ជាក់ពីលោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយមានខ្លឹមសារកិច្ចសម្ភាសន៍ដូចខាងក្រោម៖

Fresh News: តើលិខិតរបស់ប្រធាន កឹម សុខា ដែលបានផ្ញើទៅកាន់ គ.ជ.ប អំពីបេក្ខភាពឈរឈ្មោះជាសមាជិកព្រឹទ្ធសភា បោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ តើជាការធ្វើឡើង ដោយថ្នាក់ដឹកនាំរបស់គណបក្ស ក៏ដូចជាប្រធានគណប​ក្សសង្រ្គោះជាតិផ្ទាល់តែម្តង  តើជាការពិតទេ?

លោក ប៉ុល ហំម៖ បាទ តាមខ្ញុំដឹង គឺជាការពិត ដូចជាយើងបានដឹង និងយល់ហើយថា គាត់មិនទាន់ក្លាយជាអ្នកទោសនោះទេ ហើយគាត់នៅតែជាប្រធានគណបក្សដដែល ដូច្នេះគ្មាននរណាគេមាន សិទ្ធិបញ្ជាគាត់នោះទេ ហើយអនុប្រធានគ្មានសិទ្ធិស៊ីញ៉េដែរ ដល់តែប្រធានគណបក្ស។

Fresh News: ឯកឧត្តម អាចបញ្ជាក់បានទេថា តើការធ្វើហ្នឹង ធ្វើតាមនីតិវិធីច្បាប់របស់គណបក្សសង្រ្គោះជាតិដែរ ឬទេឯកឧត្តម?

លោក ប៉ុល ហំម៖ តាមធម្មតា បើមានអ្នកផ្សេងស៊ីញ៉េទៅ ក៏គជបគេមិនទទួលដែរ ដល់តែប្រធានគណបក្សស៊ីញ៉េ ហើយការធ្វើនេះគឺត្រឹមត្រូវទៅតាមនីតិវិធី។

Fresh News: មួយសំណួរចុងក្រោយ កាលពីថ្ងៃទី២៦ ខែតុលា មានវីដេអូឃ្លីបមួយរបស់លោក សម រង្ស៊ី ដែលបានចេញសេចក្តីថ្លែងការណ៍ពីទីក្រុង នៃប្រទេសអ៉ីតាលី បានប្រកាសថ្លែងការណ៍ថា ការចេញសេចក្តីសម្រេចណាមួយចំពោះគណបក្សសង្រ្គោះជាតិ គឺត្រូវមានកុងសង់ស៊ីស ជាមួយមនុស្សសំខាន់៣រូប គឺលោកស្រី មូរ សុខហូរ លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ដូចនេះ ការលើកឡើងរបស់ លោក សម រង្ស៊ី ហាក់បីដូចជាការរារាំងការសម្រេចចិត្តរបស់ លោក កឹម សុខា តើចំណុចនេះក្នុងនាម លោកជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ តើឯកឧត្តមយល់ឃើញយ៉ាងណាដែរ អាចជាការធ្វើបក្សប្រហារដែរ ឬទេ?

លោក ប៉ុល ហំម៖ ទី១ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនមែនជាស្តីទី ពីព្រោះប្រធាននៅ, នៅឡើយទេ គឺនៅក្នុងស្រុក ហើយគាត់នៅតែជាប្រធានគណបក្សដដែល, ទី២ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំមិនបានឃើញ ឃ្លីបវីដេអូហ្នឹងទេ ហើយខ្ញុំក៏គ្មានទំនាក់ទំនងអីជាមួយនឹង លោក សម រង្ស៊ី ដែរ។ ដូចនេះខ្ញុំមិនអាចឆ្លើយអីបានទេ។ ប៉ុន្តែជាធម្មតាដូចខ្ញុំបានបញ្ជាក់ពីមុនថា ប្រធានគណបក្សសង្រ្គោះជាតិ នៅតែជា លោក កឹម សុខា ដដែល អត់មាននរណា មានសិទ្ធិចុះហត្ថលេខា ជំនួសគាត់បានឡើយ រហូតមកដល់ពេលនេះ ខ្ញុំអនុប្រធាន ខ្ញុំមិនទាន់ទទួលបានបញ្ជាអ្វីពីគាត់នោះទេ ទោះបីជាប្រធានស្តីទីក្តីក៏គ្មានសិទ្ធិចុះហត្ថលេខា ទោះគាត់ចេញទៅក្រៅអីក៏គ្មានសិទ្ធិដែរ។

កាលពីម្សិលមិញ នៅព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ៅ មុនីវណ្ណ មន្រ្តីជាន់ខ្ពស់ និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កូតាលោក កឹម សុខា ថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការចុះហត្ថលេខារបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ លើបេក្ខភាពសមាជិកព្រឹទ្ធសភា គឺជារឿងត្រឹមត្រូវនីតិវិធីច្បាប់។

សូមជំរាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍តាមរយៈវិដេអូមួយពីប្រទេសអ៉ីតាលី ប្រកាសឱ្យសមាជិក និងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ កុំទទួលយកសេចក្តីសម្រេចណាមួយដែលចេញដោយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ លោក សម រង្ស៊ី បានប្រកាសថា រាល់សេចក្តីសម្រេចណាមួយ ដែលចេញដោយ លោក កឹម សុខា ពេលនេះ នឹងមិនអាចយកជាការបាននោះទេ ដោយសារតែ លោក កឹម សុខា កំពុងត្រូវបានឃុំខ្លួន។ លោកបានបន្តទៀតថា សេចក្តីសម្រេចដែលអាចយកជាផ្លូវការបាន គឺសេចក្តីសម្រេចដែលចេញដោយមតិសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍៕

វិដេអូលោក សម រង្ស៊ី ចេញសេចក្តីថ្លែងពីប្រទេសអ៉ីតាលី ហាមលោក កឹម សុខា ចេញសេចក្តីសម្រេចសំខាន់ៗ

 

ខាងក្រោមនេះជាបញ្ជីបេក្ខជនឈរឈ្នោះ ដែលត្រូវបានចុះហត្ថលេខាដោយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ