(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា រឿងគ្រាប់បែកគីមីរបស់អាមេរិកនៅលើដីខ្មែរ ដែលបន្សល់ពីសម័យសង្រ្គាមនោះ កម្ពុជាបានសម្រេចប្តឹងទៅអង្គការសហប្រជាជាតិ (UN) ដើម្បីស្វែងរកការដោះស្រាយទៅតាមច្បាប់ស្តីពីអាវុធគីមី ព្រមទាំងស្នើឲ្យអង្គការសហប្រជាជាតិ បញ្ជូនអ្នកជំនាញចុះមកស្រាវជ្រាវ និងពិនិត្យគ្រាប់បែកគីមីទាំងនេះផងដែរ។
ប្រមុខការទូតកម្ពុជាប្រកាសបែបនេះ ក្នុងពេលរូបលោកអញ្ជើញផ្សព្វផ្សាយ ពីស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្នជូនប្រជាពលរដ្ឋនៅក្នុស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា «ព្រោះតែគេ [អាមេរិក] សម្រេចវាសនាជំនួសយើង ទើបគេយកគ្រាប់បែកមកទម្លាក់លើយើង។ រឿងគ្រាប់បែកគីមីនេះ យើងសម្រេចប្តឹងទៅអង្គការសហប្រជាតិ ឲ្យគេបញ្ជូនអ្នកជំនាញ និងអ្នកបច្ចេកទេសមកស្រាវជ្រាវ និងពិនិត្យលើគ្រាប់បែកគីមីទាំងនេះ»។
ជាការកត់សម្គាល់ការ ដែលកម្ពុជាសម្រេចប្តឹង ទៅអង្គការសហប្រជាជាតិនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅគ្រាប់បែកគីមីទាំងនោះថា ត្រឹមជាឧស្ម័នបង្ហូទឹកភ្នែក។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន មន្ត្រីជំនាញ រួមទាំងប្រជាពលរដ្ឋកម្ពុជាផងប្រតិកម្ម និងខឹសម្បាយ៉ាងខ្លាំង។ គ្រាប់បែកគីមីដែលកម្ពុជា បានរកឃើញនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ប្រមាណ១៥ទីតាំងថ្មីទៀត ត្រូវបានមន្ត្រីជំនាញអះអាងថា ជាប្រភេទជាសារធាតុគីមីប្រភេទ Nitrogen Mustard ដែលហៅថា Blister agents ដែលបង្កទុក្ខទោសយ៉ាងខ្លាំង ដល់សុខភាពរបស់មនុស្សដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំគគីរជាច្រើននាក់ រកឃើញថា រងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ចំពោះសុខភាព ក្នុងនោះភាគច្រើនកើតរោគរមាស់លើស្បែកខ្លាំង ហើយក៏មានក្មេងកើតមកមិនគ្រប់ លក្ខណៈផងដែរ។ ជនរងគ្រោះដោយគ្រាប់បែកគីមីនេះ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ។
របាយកាណ៍បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមី បានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះផងដែរ៕