(តាកែវ)៖ លោក យាន វ៉ាន់ដេត ដែលជាអតីតមន្ត្រីដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តតាកែវ និងជាសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវ ដែលដាក់លិខិតសុំមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីមើលឃើញអំពើក្បត់ជាតិឯង របស់លោក កឹម សុខា បម្រើបរទេសនោះ, នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានប្រកាសបញ្ជូលជាសមាជិក របស់គណបក្សប្រជាជន ជាផ្លូវការហើយ។
ពិធីប្រកាសបញ្ជូលអតីតមន្ត្រី ដ៏សំខាន់របស់គណបក្សសង្គ្រោះជាតិ លោក យាន វ៉ាន់ដេត ត្រូវបានរៀបចំឡើង នៅទីស្នាក់ការគណប្រជាជនកម្ពុជា ខេត្តតាកែវ ក្រោមអធិបតីភាពរបស់លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជន ខេត្តតាកែវ។
ក្នុងពិធីនោះបន្ទាប់ពី លោក យាន វណ្ណដេត បានឡើងធ្វើការប្ដេជ្ញាចិត្តរួចមក លោក ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានសំដែងនូវការស្វាគមន៍ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចូលរួមជាមួយគណបក្សប្រជាជន ហើយចាប់ពីថ្ងៃនេះតទៅ គណបក្សប្រជាជនមានក្រុមគ្រួសារម្នាក់ទៀតហើយ។
លោកបន្តថា ការចូលរួមរស់ជាមួយគណប្រជាជនកម្ពុជា នាពេលនេះ គឺជាចូលរួមថែរក្សានូវសុខសន្តិភាព ការចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែ មានភាពរីកចម្រើន ឡើងថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវ នៃគណបក្សសង្គ្រោះជាតិ លោក យាន វ៉ាន់ដេត បានដាក់លិខិតសុំ ចូលរួមរស់ជាមួយនឹង គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអស់ជំនឿទៅលើ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយជាតិមាតុភូមិ ដែលនេះគឺជាអំពើក្បត់ជាតិ។
នៅក្នុងលិខិតរបស់លោក យាន វ៉ាន់ដេត ផ្ញើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ខ្ញុំបានសូមសម្តេចមេត្តាអនុញ្ញាតឲ្យខ្ញុំបាទ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយក្តីអនុគ្រោះបំផុត»៕