(កំពង់ស្ពឺ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានសម្លាប់មនុស្ស៣នាក់ និងរងរបួសធ្ងន់២នាក់ នៅម៉ោងយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨៥-៨៦ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5010 ក្រោយកើតហេតុអ្នកបើកបរ មិនស្គាល់ឈ្មោះ បានចុះរត់គេចខ្លួនបាត់ ដោយរត់ចូលព្រៃក្បែរផ្លូវ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តទាំង២គ្រឿង បើកបរបញ្ច្រាស ទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកមកពីទិសខាងលិច ទៅទិសខាងកើតមកដល់ចំណុចខាងលើ បានបុកជាមួយ រថយន្ត ០១គ្រឿងម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 2B-0025 បើកបរដោយ ឈ្មោះ ចាន់ ហុង ភេទប្រុសអាយុ៤៤ឆ្នាំ មានទីលំនៅ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកដំណើរ ក្នុងរថយន្តសាំយ៉ុង ឈ្មោះ មាស ស៊ីវង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទី៦ ឃុំត្រែងត្រយឹង ស្លាប់ និងម្នាក់ទៀត មិនស្គាល់ឈ្មោះភេទស្រីស្លាប់ ឈ្មោះ ហ៊ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជាយោធា ស្រែខ្លុង របួសស្រាល និងឈ្មោះ ហុង ភេទប្រុស អាយុប្រហែល២៦ឆ្នាំរបួសធ្ងន់(មិនដឹងអាស័យដ្ឋាន) និងក្មេងប្រុម្នាក់ទៀត មិនស្គាល់ឈ្មោះ របួសស្រាល។
លោកស្នងការនគរបាលបានឲ្យទៀតថា រថយន្តទាំងពីគ្រឿង រងការខូចខាតធ្ងន់ធ្ងរ ត្រូវបានយកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នា តាមច្បាប់៕