(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែតុលានេះ បានដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរមិត្ដភាពខ្មែរ-សូវៀត ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជិត១,០០០នាក់ ដែលរស់នៅ ក្នុងបរិវេណភូមិបុរីកម្មករ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋយើង ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ ពិសេស ពិនិត្យជំងឺ ភ្នែក, សើរស្បែក, ត្រចៀក, ច្រមុះ និងបំពង់ក ហើយបើអាការៈធ្ងន់ធ្ងរ យើងនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយមិនយកកម្រៃនោះទេ »។

រដ្ឋមន្ត្រី បន្តថា ការចុះមកពិនិត្យព្យាបាលនេះ គឺជាផ្នែកមួយក្នុងការ លើកម្ពស់សុខភាពប្រជាពលរដ្ឋរបស់យើង ហើយជាយុទ្ធនាការ ដែលយើងតែងតែ ដាក់ចេញកន្លងមកផងដែរ ពិសេសដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ ។   

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ ក៏បានសម្តែងការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះការយកចិត្តទុក្ខដាក់របស់ ក្រុមគ្រូពេទ្យ រដ្ឋមន្រ្តីសួងសុខាភិបាល ពិសេសប្រមុខដឹកនាំដ៏ឆ្នើម របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី៕