(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនៅព្រឹកថ្ងៃទី២៩ តុលានេះបានដឹកនាំមន្ត្រី អាជ្ញាធរដែន យុវជននិងសិស្សានុសិស្សប្រមាណ ៦០០នាក់ ចុះយុទ្ធនាការសំអាតអនាម័យបរិស្ថាន មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ហើយពិធីនេះបានធ្វើឡើងនៅមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រារព្វពិធីតែម្តង។

ក្រុមការងារនេះ ត្រូវបានបែងចែកការងារគ្នាដើររើសសំរាម ទៅតាមផែននីមួយៗចំនួន១៥ផែន ដើម្បីអោយគ្រប់កន្លែង ទទួលបានអនាម័យនិងបរិស្ថានល្អ។

បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានស្នើអោយ ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី និងអាជីវករទាំងអស់ ត្រូវមានថង់ឬធុងសំរាមផ្ទាល់ខ្លួន។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ក៏ សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ ទុកដាក់សំណល់សំរាមរបស់ខ្លួន នៅក្នុងធុងសំរាមអោយបានត្រឹមត្រូវផងដែរ។ ការវេចខ្ចប់ ការទុកដាក់សំរាមនៅក្នុងថង់ និងធុងសំរាមត្រឹមត្រូវវានឹងជួយកាត់បន្ថពេលវេលា នៃការប្រមូលសំរាម និងកាត់បន្ថយនៃការប្រើប្រាស់ កម្លាំងពលរដ្ឋផងដែរ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករ ទាំងអស់ចូលរួមសកម្មភាពនេះទាំងអស់គ្នា។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ តុលាកន្លងមកថ្មីៗនេះ ធុងសំរាមចំនួន១០០០ធុងត្រូវបានលោក ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំរើអោយសកម្មភាពទុកដាក់សំរាមក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ ឆ្នាំនេះ។

ធុងសំរាម ១០០០ធុងនឹងដាក់ពង្រាយតាមសួនច្បារ និងទីកន្លែងសាធារណៈនានា ដើម្បីបំរើអោយមានបរិស្ថានល្អនៅរាជធានីភ្នំពេញ ពិសេសនៅកន្លែងសំខាន់ៗនៃតំបន់ប្រារព្វពិធី៕