(ត្បូងឃ្មុំ)៖ លោក សន សារ៉ាណា តំណាងលោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រាប់ដល់យុវជនបច្ចុប្បន្ននេះថា មានភ័ព្វសំណាងណាស់ មានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។
លោក សន សារ៉ាណា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងអបអរសាទរជាមួយសិស្សក្រីក្រ ប្រមាណ៣០នាក់ មកទទួលអាហារូបករណ៍ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ស្ថិតក្នុងឃ្មុំពពេល ស្រុកពញាក្រែក ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២១-២២ ខែសីហា កន្លងមកនេះ។
លោក សន សារ៉ាណា បានបន្តថា «យុវជនសម័យនេះមានភ័ព្វវាសនាល្អ ជាងយុវជនជំនាន់មុនៗ មិនបានរៀនសូត្រ ដោយសាររងការទំលាក់គ្រាប់បែក របស់សហរដ្ឋអាមេរិករាប់ពាន់គ្រាប់ មកលើទឹកដីកម្ពុជាជំនាន់របបលន់ ណុល និងឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃជាច្រើនទស្សវត្ស។ បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឈានឆ្ពោះ ទៅរកត្រើយសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍទូទាំងប្រទេស មានហេដ្ឋារចនាសម្ព័ន្ធ សង្គមតាំងពីជនបទដល់ទីក្រុង ធ្វើឲ្យយុវជននាបច្ចុប្បន្ននេះ មានឱកាសក្រេបជញ្ជក់ នូវចំណេះដឹងពេញលេញទាំងនៅក្នុង និងក្រៅប្រទេស»។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ ដោយជម្រុញការកសាងសាលារៀនរាប់ពាន់ខ្នង និងបើកឲ្យមានវិទ្យាល័យនៅតាមឃុំ បង្ខិតឲ្យជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋបានចូលរៀនគ្រប់ៗគ្នា ដោយបានជម្រុញលើកទឹកចិត្តឲ្យយុវជនជាសិស្សានុសិស្ស បន្តយកចិត្តទុកដាក់បន្ថែមទៀត ទាំងភាសាជាតិ និងអន្តរជាតិ។
បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនបរទេសជាពិសេសប្រទេសចិន បានមកបណ្ដាក់ទុននៅកម្ពុជា ជាច្រើនដូចនេះ កម្ពុជាត្រូវការអ្នកមានចំណេះដឹង ដើម្បីបម្រើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជម្រុញការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់ លោក សន សារ៉ាណា បានផ្ដាំផ្ញើដល់សិស្សានុសិស្ស ស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដ នៃប្រទេសជាតិ៕