(ភ្នំពេញ)៖ កម្មករសំណង់ជាជនជាតិខ្មែរ និងចិនជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ាទាមទារឲ្យ ក្រុមហ៊ុន D.I.R IVIERA ចេញមុខទទួលខុសត្រូវ លើប្រាក់ឈ្នួលតម្លៃពលកម្មរបស់ពួកគាត់ ដែលបានបំពេញការងាររួចរាល់លើផ្នែកម៉ៅការសំណង់ ប៉ុន្តែខាងក្រុមហ៊ុនបង់ប្រាក់មិនគ្រប់ និងគេចវេសដោយចេតនា មិនព្រមទូទាត់ប្រាក់ឈ្នួល កម្រៃកម្លាំងពលកម្ម។
មកទល់នឹងពេលនេះ កម្មករសំណង់ជនជាតិខ្មែរ-ចិនបានប្រមូលផ្តុំគ្នា នៅជិតអគារខុនដូ៣០ជាន់កោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពួកគាត់បំពេញការងារនៅទីនេះ លើគ្រប់ផ្នែកជំនាញរៀងៗខ្លួន។
កម្មករខ្មែរបានលើកឡើងថា ប្រាក់ឈ្នួលពលកម្មជាង១០ម៉ឺនដុល្លារ ត្រូវបានខាងក្រុមហ៊ុនជំពាក់មិនទូទាត់ ប្រមាណជិត៣ម៉ឺនដុល្លារ ហើយខាងកម្មករជនជាតិចិន នៅខ្វះប្រហាក់ប្រហែល៨ម៉ឺនដុល្លារ គឺខាងក្រុមហ៊ុនមិនបានចេញមុខមកដោះស្រាយ ទទួលខុសត្រូវ ទោះជាការងារទាំងនោះត្រូវបានធ្វើរួចរាល់ក្តី។
ក្រុមកម្មករលើកឡើងថា ក្រោយពីខាងក្រុមហ៊ុន D.I.R IVIERA យកកម្មករជនជាតិវៀតណាមមកធ្វើការ និងមានប្រាក់ឈ្នួលទាបជាង ក៏បញ្ឈប់ការងារកម្មករខ្មែរ និងចិន។
កម្មកដដែលនិយាយថា ក្នុងរយៈពេលតវ៉ា៣ថ្ងៃជាប់ៗគ្នានេះ ខាងក្រុមហ៊ុនគ្រាន់តែចេញមុខឲ្យ ជំនាញរបស់ខ្លួនចុះមកវាស់វែង ចំពោះទីតាំងដែលបានធ្វើរួចរាល់ ជាលេសចេញមុខដោះស្រាយ លើការងារដែលបានធ្វើរួចរាល់។ ផ្ទុយទៅវិញខាងក្រុមហ៊ុនគ្រាន់តែ ប្រើរូបភាពបែបនេះ ដើម្បីឲ្យកម្មករខ្មែរ-ចិនមានទំនុកចិត្ត។
ពាក់ព័ន្ធនឹងក្រុមហ៊ុនម D.I.R IVIERA មិនព្រមបើកប្រាក់ឲ្យកម្មករខ្មែរ-ចិន ប្រភពខ្លះបានទម្លាយថា ខាងក្រុមហ៊ុនកំពុងតែខ្ចីដៃខាងសមត្ថកិច្ច ដែលមានអំណាចសម្រាប់ធ្វើទុននៅក្រោយខ្នង តាមរយៈការគំរាមកំហែង របៀបកម្មករជាជនបរទេស គ្មានសៀវភៅការងារនេះជាដើម។
បើទោះជាមានការលើកឡើងបែបនេះក៏ដោយ គេមិនទាន់ដឹងថា អ្នកធំមួយណាសមគំនិតជាមួយក្រុមហ៊ុនខាងលើ មានចេតនាអាក្រក់កេងកម្លាំងពលកម្មខ្មែរ-ចិននៅឡើយទេ ហើយខាងអាជ្ញាធរសមត្ថកិច្ច ក៏ដូចជាខាងជំនាញក្រសួងការងារ មិនទាន់មានវត្តមានចុះមក សិក្សាពីការទាមទារកម្រៃកម្លាំងពលកម្ម កម្មករ នៅឡើយទេ មកទល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។
ពាក់ព័ន្ធករណីនេះ Fresh News មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីក្រុមហ៊ុន D.I.R IVIERA បាននៅឡើយនោះទេ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ៕