(កំពង់ឆ្នាំង)៖ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ផ្អើលអស់ប្រជាពលរដ្ឋពេញភូមិ ដែលសង្ស័យថា ជាការបង្ក្រាបរថយន្ដដឹកឈើ ប៉ុន្ដែមិនដឹងថា សមត្ថកិច្ចខាងណាអ្នកបាញ់នោះទេ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាឆ្មា បានរៀបរាប់ថា មានក្រុមសមត្ថកិច្ចខាងណាទេ បានបើករថយន្តដេញបាញ់ ក្រុមរថយន្តបាឡែនពេញដងផ្លូវ តាមដងផ្លូវលំ ដេញចេញពីឃុំធ្លកវៀន មកដល់មុខប៉ុស្តិ៍ខ្នាឆ្មា ហើយបន្តទៅស្រុកទឹកផុសបន្តទៀត។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា បាញ់នៅមុខប៉ុស្តិ៍ធ្លកវៀន៣គ្រាប់ បាញ់នៅមុខប៉ុស្តិ៍ខ្នាឆ្មា២គ្រាប់ និងបាញ់តាមដងផ្លូវបន្តៗរហូត ធ្វើឲ្យពួកគាត់ភ័យយ៉ាងខ្លាំងបំផុត មិនដឹងថា ការបាញ់នេះបង្ក្រាបបទល្មើសអ្វីពិតប្រាកដនោះទេ? ហើយពួកគាត់បានបន្តទៀតថា រថយន្តទាំងអស់មានជាច្រើនគ្រឿង ទាំងអ្នកដេញ ទាំងអ្នករត់។
ការបាញ់បោះដោយសេរីនេះ បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់លោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្ត សូមមេត្តាជួយចុះស្រាវជ្រាវវែកមុខ ក្រុមបាញ់បោះដោយសេរីនេះផង តើពួកគាត់មានតួនាទីជាអ្វីខ្លះ បានហ៊ានបើករថយន្តដេញបាញ់រថយន្ត ហើយតើរថយន្តដែលពួកគេដេញបាញ់នោះ មានបទល្មើសអ្វីខ្លះ៕