ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចូលបំភ្លឺនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ករណីអំពាវនាវឲ្យប្រជាជន ធ្វើបាតុកម្មបើគណបក្សសង្គ្រោះជាតិត្រូវរំលាយ
28-10-2017 15:50
(ភ្នំពេញ)៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សៀង សុខ បានចេញដីកាបញ្ជាឲ្យ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចូលបង្ហាញខ្លួន នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីសាកសួរបំភ្លឺលើករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ដីកាបញ្ជាឲ្យចូលខ្លួនដែលចេញដោយ លោក សៀង សុខ បានបញ្ជាឲ្យ «ឈ្មោះ ឡេង សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឲ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរបំភ្លឺ លើករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧» ។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចេញសេចក្តីអំពាវនាវមួយ ដោយអំពាវនាវ ដល់សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសត្រៀមធ្វើបាតុកម្ម អហិង្សាក្នុងករណីគណបក្សសង្គ្រោះជាតិត្រូវរំលាយ៕