(ភ្នំពេញ)៖ ការិយាល័យឥណទានកម្ពុជា (CBC) បានរៀបចំពិធីគំរប់ខួបប្រាំឆ្នាំរបស់ខ្លួន នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារសូហ្វីតែល ដោយបានធ្វើការរំលឹកឡើងវិញ នូវសមិទ្ធផលជាច្រើនរបស់ខ្លួន ដែលសម្រេចបានរួមមាន ការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសដើម្បីផ្តល់ជូននូវព័ត៌មាន ដែលអាចទុកចិត្តបាន តាមរយៈឧបករណ៍វិភាគ និងសេវាធ្វើរបាយការណ៍ សម្រាប់សេវាជំនាញវិជ្ជាជីវៈ និងសម្រាប់របាយការណ៍ឥណទានបុគ្គល។
ក្នុងពិធីនេះ ក៏មានការផ្ដល់កិត្តិយសចូលរួម ដោយលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា,លោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល CBC, លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC ព្រមទាំងតំណាងមកពីគ្រិះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងដៃគូពាណិជ្ជកម្មជាច្រើននាក់ទៀត។
បន្ទាប់ពីទទួលបានការអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា លើការស្នើសុំបង្កើតការិយាល័យឥណទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនស៊ីប៊ីស៊ី ក៏បានបើកដំណើការការិយាល័យ ប្រតិបត្តិការរបស់ខ្លួន នាពេលនោះផងដែរ។ ចាប់តាំងពីបង្កើតមកដល់បច្ចុប្បន្ន ការិយាល័យឥណទានកម្ពុជា បានប្រមូលទិន្នន័យពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដើម្បីផ្តល់ព័ត៌មានអំពីឥណទាន ដែលពេញលេញ អាចជឿ ទុកចិត្តបាន នៅប្រទេសកម្ពុជា។ ទិន្នន័យត្រូវបានប្រើប្រាស់ សម្រាប់របាយការណ៍ឥណទានបុគ្គល របាយការណ៍ព័ត៌មានឥណទានសាធារណៈ និងសេវាព័ត៌មានហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនានា។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនស៊ីប៊ីស៊ី បានមានប្រសាសន៍ថា «ការិយាល័យឥណទានភាគច្រើន មាននៅបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាសឹង្ហបុរី ជប៉ុន អាមេរិក និងអឺរ៉ុប.. ហើយដោយឡែក ការិយាល័យឥណទានរបស់យើង ទទួលបានការកោតសរសើរ និងទទួលស្គាល់ថាជាគំរូដ៏ជោគជ័យ។ យើងមានមោទនភាព ចំពោះការចូលរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា»។
លោកបន្តថា ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនស៊ីបីស៊ី គឺជាស្ថាប័នដំបូងគេបង្អស់ដែលបាន និងកំពុងផ្តល់ព័ត៌មានពោរពេញ ដោយភាពជឿទុកចិត្តបាន នៅលើទីផ្សារឥណទានកម្ពុជា។ ដូច្នេះហើយវាបានបង្កនូវភាពងាយស្រួល ដល់វិនិយោគិនក្នុងការចូលមកកាន់ទីផ្សារកម្ពុជា ដោយអាចធ្វើការប្រឹក្សានូវរបាយការណ៍ ព័ត៌មានឥណទានសាធារណៈ ឬធ្វើការស្នើសុំរបាយការណ៍ ដោយផ្ទាល់តាមរយៈទិន្នន័យ របស់ក្រុមហ៊ុនស៊ីប៊ីស៊ី។ ក្រុមហ៊ុន ស៊ីប៊ីស៊ី មានមោទនភាពយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ខ្លួន ដោយបានរកឃើញថា ខ្លួនបានជួយជម្រុញឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កាន់តែប្រសើរឡើង ក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមធនាគារពិភពលោកស្តីពី ភាពងាយស្រួលក្នុងការធ្វើជំនួញ ដែលបានធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតទី ៧ នៅលើពិភពលោក ចំពោះភាពងាយស្រួល ក្នុងការទទួលបានឥណទាន។ ពិន្ទុសម្រាប់ប្រទេសនីមួយៗ ត្រូវបានគណនាតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមមានការបង្កើតការិយាល័យឥណទាន និងការអនុលោម ទៅតាមបទដ្ឋានអន្ដរជាតិ។
ដោយឡែកលោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល CBC បានថ្លែងថា ការិយាល័យឥណទានកម្ពុជា ជាគ្រឹះស្ថានអព្យាក្រឹត្យ និងឯករាជ្យក្នុងការការពារស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្រោមកិច្ចសហការ ជាមួយស្ថាប័នហិរញ្ញវត្ថុជាង១៤០ នៅកម្ពុជា ក្រុមហ៊ុនស៊ីប៊ីស៊ី គឺជាស្ថាប័នធ្វើការទៅលើ ការប្រមូលទិន្នន័យពីបណ្តាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានទាំងអស់។ នៅពេលទិន្នន័យបានប្រមូលរួចរាល់ ស៊ីប៊ីស៊ីធ្វើការវិភាគ និងចងក្រងទិន្នន័យទំាងនោះទុកដើម្បីផ្ដល់ជាចក្ខុវិស័យ ច្បាស់លាស់ និងមានតម្លាភាព អំពីប្រវត្តិឥណទាន របស់ស្ថាប័នទាំងនោះ។
លោកស្រីបន្តថា ក្រុមហ៊ុនស៊ីប៊ីស៊ី បានធ្វើរបាយការណ៍ជាង ១៣ លានរបាយការណ៍ចាប់ពីឆ្នាំ ២០១២ មក។ ផ្អែកទៅលើព័ត៌មានដែលផ្តល់ ដោយស្ថាប័នហិរញ្ញវត្ថុនីមួយៗ ជួយឲ្យមានទិន្ន័យ ជារួមមួយដើម្បីអាចយល់យ៉ាងច្បាស់ ពីស្ថានភាពឥណទានជាសកល របស់បុគ្គលម្នាក់ៗ។ សម្រាប់អតិថិជនកម្ចី វាគឺជាឱកាស ក្នុងការជួយឲ្យពួកគេ មានប្រវត្តិស្ថានភាពឥណទានផ្ទាល់ខ្លួនមួយច្បាស់លាស់ និងជាពិសេសជួយបង្ការបំណុលវ័នក សម្រាប់អតិថិជនដែលគ្មានលទ្ធភាពសងត្រលប់វិញ។ សម្រាប់ស្ថាប័ន ផ្តល់កម្ចី ក្រៅពីជួយធ្វើការសម្រេចចិត្តបានលឿន នៅពេលផ្តល់ប្រាក់កម្ចីហើយនោះ វាក៏ជាឧបករណ៍ដ៏មានតម្លៃ ក្នុងការកាត់បន្ថយហានិភ័យឥណទាន និងការពារពីការលួចបន្លំផ្សេងៗ។ រាល់របាយការណ៍ទាំងអស់ត្រូវបានការពារ និងរក្សាទុកជាការសម្ងាត់ ហើយរបាយការណ៍ទំាងនេះ អាចទាញយកបានតាមរយៈស្ថាប័ននីមួយៗ បន្ទាប់ពីមានការព្រមព្រៀង ពីអតិថិជន។ ប្រជាជនកម្ពុជាទាំងអស់ ក៏មានសិទ្ធិទទួលបានរបាយការណ៍ ហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងមួយឆ្នាំម្តងដោយឥតគិតថ្លៃ ផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនស៊ីប៊ីស៊ីតែងតែស្តាប់ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសមាជិកគ្រឹះស្ថានហិរញ្ញវត្ថុនានា ដើម្បីធ្វើការសិក្សាថា តើការកែប្រែបែបណា ដែលសមាជិករបស់យើងត្រូវការ ហេតុដូច្នេះហើយបានជាយើងតម្រូវឲ្យធ្វើការ កែលម្អយ៉ាងហោចណាស់ ៣ ដងក្នុងមួយឆ្នាំទៅលើប្រព័ន្ធរបាយការណ៍ឥណទាន របស់យើង។ ក្រុមហ៊ុនស៊ីប៊ីស៊ី តែងតែរក្សាប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ឲ្យមានទំនាក់ទំនងទៅនឹងការវិវត្តន៍ នៃតម្រូវការ និងទីផ្សារជានិច្ច។ នេះជាលើកទី១ហើយ ដែលយើងប្រារព្ធខួបប្រាំឆ្នាំនេះឡើង ប៉ុន្តែយើងជឿជាក់ថា នឹងមានកម្មវិធីផ្សេងៗទៀតជាច្រើន នាពេលខាងមុខ។ នៅមានរឿងជាច្រើនទៀត ដែលយើងត្រូវធ្វើក្នុងប្រទេសកម្ពុជា ហើយយើងមានសេចក្តីសោមន្សរីករាយ ក្នុងការបន្តអភិវឌ្ឍសកម្មភាពរបស់យើង នាពេលប៉ុន្មានឆ្នាំខាងមុខនេះ៕