(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនសង្ស័យចំនួន៦១នាក់ ស្រី១៣នាក់ ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត (VOIP) ចេញពីប្រទេសកម្ពុជា។
លោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនជាតិចិនទាំងអស់នេះ នឹងត្រូវបញ្ជូនទៅកាន់ខេត្ត Quangdong, ខេត្ត Henan និងខេត្ត Chungsing ទៅកាន់ប្រទេសចិន តាមច្រកទ្វារអន្តរជាតិភ្នំពេញ ដោយជើងយន្តហោះលេខ CZ3002។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែ១០ ឆ្នាំ២០១៧ និងឃាត់ខ្លួននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធករណីគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។
សូមរំលឹកថា កន្លងទៅនេះកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក៏ធ្លាប់បានបណ្ដេញជនជាតិចិន ដែលពាក់ព័ន្ធករណីគំរាមទារប្រាក់នេះ ចេញពីកម្ពុជាជាច្រើនរយនាក់រួមមកហើយផងដែរ៕