Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបងម្នាក់ ដែលមានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជាចៅសង្កាត់ ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ មកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

28-10-2017 11:12

(បាត់ដំបង)៖ លោកស្រី រ៉ុម រ៉ាត់ សមាជិកក្រុមប្រឹក្សាសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ដែលមានកញ្ញា ស៉ិន ចាន់ពៅរ៉ូហ៊្សេត ជាចៅសង្កាត់នោះ បានប្រកាសដើរចេញ ពីគណបក្សសង្រ្គោះជាតិ សុំមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ការចាកចេញរបស់លោកស្រី រ៉ុម រ៉ាត់ នេះបន្ទាប់ពីមើលឃើញពីការអសមត្ថភាព របស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ពិសេសលោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស និងមួយវិញទៀតអាចមកពីបញ្ហាផ្ទៃក្នុង ដែលនៅក្នុងសង្កាត់មាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ជាចៅសង្កាត់ មកពីគណបក្សសង្គ្រោះជាតិ មិនមានសមត្ថភាពគ្រប់គ្រងដឹកនាំមន្ត្រីក្រោមឱវាបានល្អទើប បណ្តោយឲ្យសមាជិករបស់ខ្លួន ដើរចេញពីបក្សដោយគ្មានអាលោះអាល័យ។

យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៨ ខែតុលានេះ លោកស្រី រ៉ុម រ៉ាត់ បានបញ្ជាក់ថា «ខ្ញុំមិនអាចរួមរស់នៅជាមួយគណបក្សសង្គ្រោះជាតិ តទៅទៀតបានទេ។ ខ្ញុំបាទសម្រេចចិត្តសុំមកចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលគិតគូរពីផលប្រយោជន៍ប្រជារាស្ត្រ លើកតម្កើនកិត្យានុភាពជាតិ និងធ្វើឲ្យមានការអភិវឌ្ឍន៍រីកចំរើនដល់ប្រទេសជាតិ និងប្រជាជន»

សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕